បាល់ទាត់៖ ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប Al Nassr បានចូលរួមជាមួយពិធីបុណ្យក្នុងស្រុកជាមួយក្លឹបថ្មីរបស់ខ្លួន ខណៈដែលជនជាតិអារ៉ាប៊ីសាអូឌីតបានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធបុណ្យជាតិថ្ងៃកំណើតនៃរដ្ឋអារ៉ាប៊ីសាអ៊ូឌីត។

ដោយស្លៀកពាក់បែបប្រពៃណី ម្ចាស់ជ័យលាភី Ballon d'Or ៥សម័យ និងមិត្តរួមក្រុម Al Nassr រួមជាមួយនឹងគ្រូបង្វឹក Rudi Garcia សុទ្ធតែមានវត្តមានក្នុងវីដេអូដែលចែកចាយ ដោយប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។ ទិវាមួយត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកដល់ការបង្កើតរដ្ឋអារ៉ាប៊ីសាអូឌីតដំបូងបង្អស់ និងរាជវង្ស Saud នៅឆ្នាំ១៧២៧ ត្រូវបានប្រកាសជាថ្ងៃបុណ្យជាតិកាលពីឆ្នាំមុនដោយស្តេច Salman bin Abdulaziz ដែលបានចេញព្រះរាជក្រឹត្យ។
ចាប់ពីថ្ងៃទី២២ ខែកុម្ភៈតទៅ ព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈត្រូវបានប្រារព្ធឡើងនៅទូទាំងព្រះរាជាណាចក្រ រួមទាំងនៅកីឡដ្ឋាន Mrsool Park របស់ Al Nassr ផងដែរ។ Ronaldo បានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែមករា បន្ទាប់ពីកិច្ចសន្យារបស់ខ្លួនត្រូវបានបញ្ចប់ដោយ Manchester United ហើយចាប់តាំងពីពេលនោះមកកីឡាករវ័យ ៣៨ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុង ៤ប្រកួត ខណៈដែល Al Nassr ឈរនៅលើកំពូលតារាងលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត៕
អត្ថបទ៖នាង សុភាវុធ