កំពង់ឆ្នាំង៖ ក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងអំពីតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនីតិវិធីរួម សម្រាប់អនុវត្តប្រព័ន្ធស្បៀងបម្រុងកម្ពុជា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជាបានអោយដឹងថា កម្ពុជាបានជួយពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ ប្រមាណជិត២ម៉ឺនតោន សម្រាប់ការបង្កបង្កើនផលឡើងវិញ។
ឯកឧត្តមបានបន្តថា ដោយសារគ្រោះមហន្តរាយ ដូចជាទឹកជំនន់ទន្លេ ជំនន់ទឹកភ្លៀងបានធ្វើអោយជន់លិចស្រូវបងប្អូនប្រជាកសិករនៅតាមបណ្តាខេត្តក្រុងមួយចំនួន ហើយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយក្រុមការងារប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចុះផ្តល់ពូជស្រូវជូនដល់ប្រជាកសិករជាង ២ម៉ឺន៣ពាន់គ្រួសារ ក្នុង២២ខេត្តក្រុង ដើម្បីអោយពួកគាត់បានដាំដុះឡើងវិញអស់ប្រមាណជិត២ម៉ឺនតោន ដោយឡែកអង្ករដែលជួយដល់ជនរងគ្រោះគ្រប់រាជធានីខេត្តវិញ គឺអស់ប្រមាណជាង ១ម៉ឺន៣ពាន់តោនក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ។
រដ្ឋាភិបាលកម្ពុជា បានផ្តល់ពូជដំណាំប្រមាណ៣៦តោន ដល់ប្រជាកសិករជាង១សែន២ពាន់គ្រួសារនៅក្នុងខេត្តទាំង១៩។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើជីវភាពបងប្អូនប្រជាកសិករនៅទូទាំងប្រទេស ដែលកំពុងជួបនូវគ្រោះមហន្តរាយដោយធម្មជាតិនានា ក្រោយវិបត្តិកូវីដ១៩នៅកម្ពុជា។
កន្លងមក កម្ពុជាបានដាក់គោលដៅផ្លាស់ប្តូរប្រព័ន្ធស្បៀងដែលផ្តោតលើអាទិភាពចំនួនបួនពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរប្រព័ន្ធអាហារនៅកម្ពុជា ។ ការដាក់គោលដៅផ្លាស់ប្តូរប្រព័ន្ធស្បៀងនេះ ធ្វើឡើងដើម្បីស្ដារប្រព័ន្ធកសិកម្ម និងស្បៀងឱ្យបានឆាប់រហ័ស បន្ទាប់ពីរងការខូចខាតដោយវិបត្តិកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងការឡើងថ្លៃ។ គោលដៅអាទិភាពទាំង៤ក្នុងការស្ដារប្រព័ន្ធកសិកម្ម និងស្បៀងក្រោយវិបត្តិកូវីដ១៩ និងវិបត្តិ5Fs រួមមាន ការលើកកម្ពស់របបអាហារដែលមានសុខភាពល្អ សម្រាប់ទាំងអស់គ្នា ការផ្តល់សិទ្ធិអំណាចដល់យុវជន និងអ្នកដែលងាយរងគ្រោះបំផុតក្នុងការចូលរួមក្នុងការផ្លាស់ប្តូរប្រព័ន្ធអាហារ ការពង្រឹងភាពធន់របស់កសិករខ្នាតតូច និងការពង្រឹងអភិបាលកិច្ចសម្រាប់ប្រព័ន្ធអាហារ៕ អត្ថបទ៖ ហុង វាស្នា






