បាល់ទាត់៖ Barcelona នឹងត្រូវប្រឈមជាមួយក្រុមបិសាចក្រហម Manchester United ដែលល្អបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះនៅជើងទី២ វគ្គ Play-Off Europa League រាត្រីនេះ នេះជាការលើកឡើងរបស់អ្នកចាត់ការ Barcelona លោក Xavi Hernandez ក្នុងសន្និសីទសារព័ត៌មានម្សិលមិញ។

បន្ទាប់ពីការប្រកួតស្វិតស្វាញនៅជើងទី១ ដែលក្រុមទាំងពីរស្មើគ្នា ២-២ លោក Xavi Hernandez ដឹងច្បាស់ថា ក្រុមរបស់លោកត្រូវរៀបចំឱ្យល្អបំផុត លេងល្អបំផុតបើចង់ឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយ។ ការប្រកួតជើងទី១ ត្រូវបានគេមើលឃើញថា Manchester United ធ្វើបានល្អជាង ស្របពេលដែលជើងទី២ នេះទៀត Barcelona និងអវត្តមានកីឡាករសំខាន់ពីរ Pedri និង Ousmane Dembele ដែលមានរបួស និង Gavi ជាប់ពិន័យ។
Barcelona មុនការប្រកួតយប់នេះពួកគេមិនទាន់ចាញ់នៅឡើយក្នុងឆ្នាំ២០២៣ នេះដោយកំពុងនាំមុខដាច់ ៨ពិន្ទុពីក្រុមលេខ២ Real Madrid នៅ La liga។ ចំណែក Manchester United គិតមកដល់ទៅពេលនេះមិនទាន់ចាញ់នៅ ឡើយ ៨ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌ និងកំពុងឈរលេខ៣ នៅ Premier League មាន ៤៩ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ៥ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ