អាល្លឺម៉ង់៖ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យការបរទេសបាននិយាយកាលពីថ្ងៃពុធថា អាល្លឺម៉ង់បានប្រកាសថា បុគ្គលិកពីរនាក់នៃស្ថានទូតអ៊ីរ៉ង់ជាបុគ្គលដែលលែងត្រូវបានស្វាគមន៍ និងបានបញ្ជាឱ្យពួកគេចាកចេញពីប្រទេស ជាការតវ៉ាជុំវិញការកាត់ទោសប្រហារជីវិតលើជនជាតិអ៊ីរ៉ង់សញ្ជាតិអាល្លឺម៉ង់ម្នាក់។

អធិការបតីលោក Olaf Scholz បានថ្កោលទោសការកាត់ទោសប្រហារជីវិតនេះ ដែលបានដាក់ទៅលើលោក Jamshid Sharmahd ថា ជាទង្វើរពុំអាចទទួលយកបាន ដោយអំពាវនាវឱ្យអ៊ីរ៉ង់លុបចោលការសម្រេចនេះ។ លោក Scholz បានសរសេរនៅលើបណ្តាញ Twitter ថា របបអ៊ីរ៉ង់ប្រឆាំងប្រជាជនរបស់ខ្លួនតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ហើយមិនបានគោរពសិទ្ធិមនុស្ស។ អាល្លឺម៉ង់បានកោះហៅភារៈធារីអ៊ីរ៉ង់ជុំវិញបញ្ហានេះ ហើយបាតុករប្រមាណ ២០នាក់គ្រវីទង់ជាតិប្រឆាំងអ៊ីរ៉ង់បានតវ៉ានៅខាងក្រៅអធិការបតីស្ថានទីក្រុងប៊ែរឡាំង។
អ្នកតវ៉ានិយាយថា វាជាជំហានដំបូងដ៏ល្អដែលអាល្លឺម៉ង់បានបណ្តេញអ្នកការទូតពីរនាក់ចេញ ប៉ុន្តែត្រូវធ្វើរឿងរ៉ាវជាច្រើនទៀត និងបាននិយាយថា កាលពីឆ្នាំ២០១១ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Guido Westerwelle បានធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីក្រុងតេអេរ៉ង់ និងបាននាំយកអ្នកសារព័ត៌មាន ២នាក់ដែលជាប់ពន្ធនាគារត្រឡប់មកប្រទេសអាល្លឺម៉ង់ជាមួយលោកវិញ៕
អត្ថបទ៖ ប៊ុនថន