ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចំាកម្ពុជា បង្ហាញនូវក្តីរំពឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា នៅឆ្នាំនេះ នឹងបន្តកើនឡើងថែមទៀត ពោលគឺទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរ នឹងកើនឡើងលើស ២៥០ លានដុល្លារអាមេរិក ដែលសម្រេចបានក្នុងឆ្នាំ២០២២។
លោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា លើកឡើងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស) នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា ទំនាក់ទំនង់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា ពិតជាមានភាពរីកលូតលាស់ល្អប្រសើរ ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២២ កន្លងទៅនេះ មានប្រមាណ ២៥០លានដុល្លារអាមេរិក ។
លោកជំទាវ បន្តថា មានក្រុមហ៊ុនឥណ្ឌា ដែលបានចូលមករកស៊ីនៅកម្ពុជា មានចំនួនកើនឡើងល្អប្រសើរ បច្ចុប្បន្នមានចំនួនប្រហែល ៥០ ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅស្ថានទូតប្រចំានៅកម្ពុជា ហើយប្រសិនបើមានការទំនាក់ទំនងផ្សារភ្ជាប់ នៅការកសាងផ្លូវកាន់តែល្អប្រសើរនោះ នឹងធ្វើឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរ កាន់តែមានការកើនឡើងថែមទៀត នៅក្នុងរយៈពេលខាងមុខជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ពាក់ព័ន្ធនិងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា បើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខែ មករា ឆ្នំា២០២៣ នេះ កម្ពុជាបាននាំចេញផលិតផលទៅប្រទេសឥណ្ឌា មានទំហំទឹកប្រាក់ប្រមាណជាង ២២ លានដុល្លារអាមេរិក កើនឡើងជាង ១០០ ភាគរយ ក្នុងនោះភាគីឥណ្ឌានាំចូលមកវិញ មានទឹកប្រាកប្រមាណ ១៥ លានដុល្លារអាមេរិក ធ្លាក់ចុះជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី