ភ្នំពេញ៖ យុវជនមានពិការភាព ដែលធ្លាប់តែជាកសិករធ្វើស្រែ និងជាសិស្សធម្មតា បានប្រែក្លាយទៅជាកីឡាករហែលទឹកអាជីព និងជាម្ចាស់មេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការចេញទៅប្រកួតក្រៅប្រទេសកន្លងមកនេះ។
បច្ចុប្បន្នយុវជនទាំងពីររូប កំពុងសម្រុកហ្វឹកហាត់ ក្នុងគោលដៅដណ្ដើមយកមេដាយមាសក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមផងដែរ។
យុវជន យ៉ាង វណ្ណៈ និងយុវជន យិន មួយ ជាជនមានពិការភាព ដោយ វណ្ណៈ មានបញ្ហាលើជើង រីឯ យិន មួយ គឺពិការដៃម្ខាង។ យុវជន យ៉ាង វណ្ណៈ អតីតកាលជាអ្នកធ្វើស្រែមកពីខេត្តកំពត រីឯក យិន មួយ ជាយុវជនផ្លាស់មកពីខេត្តត្បូងឃ្មុំ ដើម្បីសិក្សានៅរាជធានីភ្នំពេញ។
បច្ចុប្បន្នពួកគេទាំងពីរនាក់ បានប្រែក្លាយជីវិតដោយក្លាយជាកីឡាករជម្រើសជាតិ ផ្នែកពិការភាព ហើយក៏ធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេស ទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿង។
បច្ចុប្បន្នពួកគេរួមទាំងសមាជិកជាអត្តពលិកមានពិការភាពផ្សេងទៀត សម្រុកហ្វឹកហាត់ជាខ្លាំងរៀងរាល់ថ្ងៃ ចន្ទដល់ព្រឹកថ្ងៃសៅរ៍។ ការហ្វឹកហាត់របស់ពួកគេទាំងពីរ គឺចាប់ផ្ដើមតាំងពីត្រឡប់មកពីប្រកួតក្នុងប្រទេស ឥណ្ឌូនេស៊ី និងហ្វឹកហាត់កាន់តែខ្លាំងក្លាក្នុងពេលបច្ចុប្បន្ន។ ក្នុងនាមជាម្ចាស់មេដាយប្រាក់ និងសំរឹទ្ធក្នុង ការប្រកួតហែលទឹក ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំមុន ពួកគេបង្ហាញនូវក្ដីសង្ឃឹម និងប្ដេជ្ញាខ្ពស់ដណ្ដើមយកមេដាយមាស ជូនជាតិកម្ពុជាឱ្យទាល់តែបាន សម្រាប់ការធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។
ក្នុងនាមជាជនមានពិការភាព ពួកគេក៏លើកទឹកចិត្តឱ្យជនមានពិការភាពផ្សេងទៀត ត្រូវតែព្យាយាមមិនត្រូវអស់សង្ឃឹម បន្ទោសលើព្រហ្មលិខិតនោះទេ។ ពួកគេពិការតែកាយសម្បទា ពុំមែនជាឧបសគ្គរាំងស្ទះក្នុងការសម្រេចជោគជ័យអ្វីមួយនោះទេ។ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម នឹងរៀបចំឡើងក្រោយ ព្រឹត្តិការណ៍ស៊ីហ្គេមបានបិទបញ្ចប់។
ចំពោះប្រភេទកីឡា គឺមានចំនួន ១៣ប្រភេទ ក្នុងនោះរួមមាន បាល់បោះជនពិការភ្នែក អត្តពលកម្មជនពិការ វាយសីជនពិការ បាល់ទាត់ចលករខួរក្បាល ប៊ូស្យា កីឡាអុកជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ បាល់ទះអង្គុយ ហែលទឹកជនពិការ វាយកូនសីលើតុជនពិការ បាល់ទះរទេះ និងបាល់ទាត់ជនពិការភ្នែក។
ក្នុងចំណាមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កីឡាហែលទឹក ជាប្រភេទកីឡាមួយដែលកម្ពុជា មានសក្ដានុពលខ្ពស់ ដោយកន្លងទៅតែងទទួលបានមេដាយ ជូនជាតិកម្ពុជា៕ អត្ថបទ៖ គឹមហុក