បាល់ទាត់៖ ក្រុមបាល់ទាត់នារីជម្រើសជាតិព័រទុយហ្កាល់បានកក់កៅអី នៅព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកពិភពលោក FIFA Women’s World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះក្រុមបាល់ទាត់នារីកាមេរូន ២-១ ក្នុងវគ្គ Play-Off នៅលើទឹកដីនូវេស៊ីឡង់។

ក្រោយវត្តមានរបស់អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកាមេរូន Samuel Eto’O ទៅទស្សនាការប្រកួតផងដែរនោះ ព័រទុយហ្កាល់បានបើកការនាំមុខមុននៅនាទីទី២២ ដោយកីឡាការិនី Kika Nazareth ស៊ុតបាល់ Freekick បុករបាទី និងបន្ថែមបញ្ចូលទីបានសំរេចដោយ Diana Gomez។ ហៀបនឹងចប់ការប្រកួតទៅហើយ កាមេរូនមានឱកាសតាមស្មើវិញបានសម្រេចដោយកីឡាការិនី Ajara Nchout ផ្តល់ក្តីសង្ឃឹមឱ្យកាមេរូន និងអូសបន្លាយដល់វគ្គបន្ថែមម៉ោង ១៥នាទីពីរដង។ នៅក្នុងម៉ោងបន្ថែមបាល់ប៉ះដៃរបស់ខ្សែការពារកាមេរូនកីឡាការិនី Etelle Johnson ឆែកឃើញដោយ VAR ធ្វើឱ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅខាងព័រទុយហ្កាល់។
Carole Costa គឺជាអ្នកសម្រេចគ្រាប់បាល់ជ័យជំនះឱ្យព័រទុយហ្កាល់ឡើងលេងបាល់ទាត់នារីជើងឯកពិភពលោក ២០២៣ ដោយព័រទុយហ្កាល់នឹងស្ថិតក្នុងពូល E ជាមួយហូឡង់ វៀតណាម និងក្រុមការពារតំណែងជើងឯកអាមេរិក។ ចំណែកក្រុមបាល់ទាត់នារីជម្រើសជាតិហៃទីក៏បានបង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ ក្រោយយកឈ្នះក្រុមនារីស៊ីលីនៅវគ្គ Play-Off ដោយលទ្ធផល ២-១ ដូចគ្នា។ ហៃទីដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ៥៥ នឹងស្ថិតក្នុងពូល D នៅ World Cup ជាមួយអង់គ្លេស ដាណឺម៉ាក និងចិន។ World Cup នារី ២០២៣ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដាដល់ថ្ងៃទី២០ ខែសីហារៀបចំនៅអូស្ត្រាលី និងនូវេស៊ីឡង់៕
អត្ថបទ៖នាង សុភាវុធ