អាមេរិក៖ មហាសន្និបាទអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York បានគាំទ្រយ៉ាងច្រើនលើសលប់លើសេចក្ដីសម្រេច ថ្កោលទោសការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនមួយឆ្នាំមកនេះ។ សេចក្ដីសម្រេចនេះបានអំពាវនាវឲ្យរុស្ស៊ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែន និងបញ្ឈប់ការវាយប្រយុទ្ធ។

ការសម្រេចនេះត្រូវបានគាំទ្រដោយប្រទេសចំនួន ១៤១ ខណៈមានប្រទេស ៣២អនុបវាទ និងប្រទេសចំនួន ៧ រួមទាំងរុស្ស៊ីខ្លួនឯងបោះឆ្នោតប្រឆាំង។ នៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ក្រុមគណៈប្រតិភូមួយចំនួនធំបានដើរចេញ អំឡុងការថ្លែងសុន្ទរកថារបស់រុស្ស៊ីនៅសម័យប្រជុំសភានៃអង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិក្នុងតំបន់អឺរ៉ុប។ ការដើរចេញនៅអង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិក្នុងតំបន់អឺរ៉ុប (OSCE) និងការបោះឆ្នោតនៅអង្គការសហប្រជាជាតិបានកើតឡើងមួយថ្ងៃ មុនខួបមួយឆ្នាំនៃការវាយលុក។
ការបោះឆ្នោតនៅអង្គការសហប្រជាជាតិនេះ បានអំពាវនាវឲ្យមានសន្តិសុខកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ សេចក្ដីសម្រេចនេះក៏បានបញ្ជាក់ពីការគាំទ្រជាថ្មីផងដែរ សម្រាប់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដោយច្រានចោលការអះអាងរបស់រុស្ស៊ីចំពោះការគ្រប់គ្រងផ្នែកជាច្រើននៅអ៊ុយកក្រែន។ ប្រទេសចិន ឥណ្ឌា អ៊ីរ៉ង់ និងអាហ្វ្រិកខាងត្បូងស្ថិតក្នុងចំណោមប្រទេសចំនួន៣២ ដែលបានបោះឆ្នោតអនុបវាទ៕
អត្ថបទ៖ សុខមាន