ស៊ីហ្គេម៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមលើកឡើងថា មកដល់ពេលនេះពិធីបើកបិទក៏ ដូចជាការប្រកួតប្រភេទកីឡានីមួយៗមិនទាន់កំណត់នៅឡើយថា តើលក់សំបុត្រចូលរួមទស្សនាក្នុងកម្រិតណា តែអាចនឹងលក់តាមប្រភេទកីឡា។
ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ក្រោមវត្តមានឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមប្រាប់ឱ្យដឹងថា សំបុត្រក្នុងពិធីបើកបិទនឹងជជែកគ្នាបន្ថែមទៀត ហើយទុកឱ្យថ្នាក់ដឹកនាំជាសម្រេចចិត្ត តែយ៉ាងណានឹងមានលក់ខ្លះ ខណៈពេលនេះមានប្រទេសជាច្រើន និងភ្នាក់ងារទេសចរនានាសុទ្ធតែសួរពីបញ្ហានេះ។ ឯកឧត្តមអគ្គលេខាធិការបានបន្តទៀតថា ចំពោះការប្រកួតកីឡានឹងត្រូវលក់សំបុត្រតាមប្រភេទកីឡាដែលមានប្រជាប្រិយ ដូចជាបាល់ទាត់(បុរស) បាល់ទះ គុនខ្មែរ និងកីឡាដែលទទួលបានការគាំទ្រមួយចំនួនទៀត ប៉ុន្តែអាចលក់តែការប្រកួតរបស់ក្រុមកីឡាករម្ចាស់ផ្ទះប្រកួតជាមួយប្រទេសផ្សេងៗតែប៉ុណ្ណោះ។
សូមជម្រាបជូនថា គណៈកម្មាធិការរៀបចំការប្រកួតខាងបច្ចេកទេស បានច្របាច់បញ្ចូលគ្នារវាងក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឈានទៅសម្រិតសម្រាំង ជ្រើសរើសកីឡាករជម្រើសជាតិសរុប ៩៣៨នាក់ (កីឡាការិនី ៣៤៦នាក់) និងគ្រូបង្វឹក ១៧៦នាក់ដែលមានគុណផលខ្ពស់ និងសីលធម៌ល្អ ព្រមទាំងអនុរក្សចំនួន ៥២នាក់ឱ្យប្រកួតស៊ីហ្គេម ២០២៣ ខណៈប៉ារ៉ាហ្គេមមានកីឡាករ-កីឡាការិនី ១៦៥នាក់ប្រកួតលើ ១៣ប្រភេទកីឡា ក្នុងជាង ១០០វិញ្ញាសា។ ស៊ីហ្គេម ២០២៣ ដំណើរការប្រកួតពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី១៧ ខែឧសភា ខណៈពិធីបើកផ្លូវការថ្ងៃទី៥ ខែឧសភា ឯអាស៊ានប៉ារ៉ាហ្គេមដំណើរការប្រកួតពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ពោលគិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈនេះអាស៊ានប៉ារ៉ាហ្គេមនៅសល់ ១០០ថ្ងៃគត់៕
អត្ថបទ៖ គង់ ហួន