បាល់ទាត់៖ អតីតខ្សែប្រយុទ្ធ Liverpool, Daniel Sturridge កំពុងស្ថិតក្នុងផ្លូវផ្លាស់ទៅកាន់ក្របខណ្ឌអាមេរិក Major League Soccer ហើយ នេះបើតាមការចុះផ្សាយរបស់កាសែត The Mirror។ មកដល់ពេលនេះខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះនៅទំនេរមិនលេងអោយក្លិបណាឡើយ ចាប់តាំងពីចាកចេញពីក្លិបទួរគី Trabzanspor តាំងពីខែមីនា ឆ្នាំ២០២០ កន្លងទៅ។
Sturridge ថ្មីៗនេះទើបទទួលការពិន័យ ៤ប្រកួត និងទឹកប្រាក់ ១៥ម៉ឺនផោនក្រោយពាក់ព័ន្ធនឹងរឿងភ្នាល់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ Daniel Sturridge ពិតជាស្ថិតក្នុងស្ថានភាពលំបាក ធ្លាប់តែអតីតកាលជាកំពូលខ្សែប្រយុទ្ធម្នាក់នៅ English Premier League។ ក្នុងរដូវកាលដំបូងជាមួយ Liverpool គេរកបាន ៣១គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ប្រកួត និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី២ ក្នុងរដូវកាល ២០១៣-២០១៤ ពីក្រោម Luis Suarez តែក្រោយមកបញ្ហារបួសធ្វើអោយគេខកខានឱកាសនៅលើទីលាន។ អតីតកីឡាកររបស់ West Brom, Chelsea និង Manchester City រូបនេះត្រូវបានគេដឹងថា មានក្លិបនៅអាមេរិកទាក់ទងរួមមាន DC United និង Inter Miami របស់ David Beckham៕
អត្ថបទ៖នាង សុភាវុធ