ចិន៖ ប្រទេសចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី បានអំពាវនាវឲ្យមានបទឈប់បាញ់រវាងអ៊ុយក្រែន និងទីក្រុង Moscow និងបើកឲ្យមានការចរចាជាផ្នែកមួយនៃសំណើ ១២ចំណុចដើម្បីបញ្ចប់ជម្លោះនេះ។
ផែនការដែលបានបញ្ចេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយក្រសួងការបរទេសចិនក៏បានជំរុញឲ្យបញ្ចប់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ីផងដែរ ជាវិធានការដើម្បីបញ្ជាក់ពីសុវត្ថិភាពនៃទីតាំងនុយក្លេអ៊ែរ ការបង្កើតឲ្យមានច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសជនស៊ីវិល និងជំហានដើម្បីធានាបាននូវការនាំចេញគ្រាប់ធញ្ញជាតិ ក្រោយការផ្អាកដែលបានបណ្ដាលឲ្យតម្លៃស្បៀងអាហារសកលហក់ឡើងខ្ពស់។ ប្រទេសចិនតែងតែអះអាងមករហូតនូវអព្យាក្រឹត្យភាពរបស់ខ្លួនក្នុងជម្លោះនេះ ប៉ុន្តែពុំបានកំណត់ព្រំដែននៃទំនាក់ទំនងជាមួយរុស្ស៊ីទេ ហើយក៏បានពុំបានរិះគន់រុស្ស៊ីលើការវាយលុកចូលអ៊ុយក្រែនដែរ ខណៈចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចពីបទបង្កជម្លោះ និងដុតបញ្ឆេះជម្លោះដោយការផ្ដល់អាវុធជាបន្តបន្ទាប់ឲ្យទៅអ៊ុយក្រែន។

ប្រទេសចិន និងរុស្ស៊ីបានពង្រឹងគោលនយោបាយបរទេសរវាងប្រទេសទាំង២ ដើម្បីប្រឆាំងសណ្ដាប់ធ្នាប់សន្តិសុខអន្តរជាតិសេរីនិយមដឹកនាំដោយសហរដ្ឋអាមេរិក។ អ្នកការទូតជាន់ខ្ពស់ចិនលោក Wang Yi បានបញ្ជាក់ជាថ្មីពីទំនាក់ទំនងរឹងមាំនៃប្រទេសទាំង២ នៅពេលលោកបានជួបលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Moscow នៅសប្ដាហ៍នេះ៕
អត្ថបទ៖ សុខមាន