បេស្បល៖ គ្រូបង្វឹកជម្រើសជាតិកីឡាបេស្បលកម្ពុជាមានក្ដីរំពឹងខ្ពស់ថា កម្ពុជានឹងឈ្នះពានរង្វាន់ Indochina Baseball Dream League 2023 (DGB Cup) នៅប្រទេសឡាវដែលការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី២៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក Andrew William Wagers គ្រូបង្វឹកកីឡាបេស្បលកម្ពុជាបានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ Indochina Baseball Dream League 2023 (DGB Cup) នៅប្រទេសឡាវរយៈពេល ៣ថ្ងៃដើម្បីប្រជែងពានជាមួយម្ចាស់ផ្ទះឡាវ ថៃ វៀតណាម។ គ្រូបង្វឹកដែលមានបទពិសោធន៍ច្រើនរូបនេះបន្ថែមទៀតថា អ្វីដែលលោកកត់សម្គាល់នោះគឺក្រុមកម្ពុជាមានសមត្ថភាពលើគេ បន្ទាប់មកទៀតគឺប្រទេសថៃ។
ដោយសារតែលោកជាអ្នកបង្ហាត់ផ្ទាល់ ដូច្នេះលោកដឹងពីសមត្ថភាពកីឡាករកម្ពុជាច្បាស់ ខណៈការហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតក៏មានរយៈពេលវែង និងពេញលេញល្អទៀតនោះ នាំឲ្យគ្រូជម្រើសជាតិខាងលើជឿជាក់ថា នឹងឈ្នះពានត្រលប់មកកម្ពុជាវិញ៕