កំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញ សង្គ្រោះគ្រោះមហន្តរាយថា ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាសមរភូមិមួយដែលទាមទារឱ្យមានការតាំងចិត្តខ្ពស់បំផុតសម្រាប់អ្នកប្រតិបត្តិការសង្គ្រោះ។
ឯកឧត្ដម បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ពិធីប្រគល់ ទទួលសំភារៈសង្រ្គោះផ្ទៃទឹក ជូនដល់ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ឯកឧត្តម បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកម្លាំងសង្គ្រោះទាំងអស់ និងបានជម្រាបជូនពួកគេថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹកដល់កងកម្លាំងរបស់គ្រប់ជាន់ថ្នាក់។
ឯកឧត្តម សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ។
សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានាគ្រប់ពេលវេលា ព្រមទាំងថែរក្សាសន្តិភាពអោយបានយូរអង្វែងជូនប្រជាពលរដ្ឋរស់នៅ។
ឯកឧត្តម បន្ថែមថា ការបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស នាពេលនេះ គឺជាការគិតគូរមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះពេលហេតុការណ៍គ្រោះមហន្តរាយផ្សេងៗដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗទាំងលើគោក លើទឹកនិងលើអាកាសផងដែរ។
ឯកឧត្តម បន្ថែមថា ជីវិតរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍ ឧបទ្ទវហេតុទាំងឡាយជាគោលដៅចម្បងបំផុត ដែលអ្នកសង្គ្រោះទាំងអស់ត្រូវតែផ្តោតការយកចិត្តទុកដាក់ខ្ពស់៕










