ភ្នំពេញ៖ ប្រជាពលរដ្ឋបានរងគ្រោះដោយសារគ្រាប់មីន រហូតក្លាយជាជនមានពិការភាព បាន បង្ហាញនូវការឈឺខ្លោចផ្សារ បង្កឡើងដោយសង្គ្រាម ហើយបានអំពាវនាវដល់យុវជនជំនាន់ក្រោយ សូមរួមគ្នាថែរក្សាសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន រកបានដោយលំបាក ។
ប្រជាពលរដ្ឋមានពិការភាព រស់នៅក្នុងខេត្តសៀមរាប និងកំពង់ធំ បានលើកឡើងថា ពួកគាត់បានឆ្លងកាត់ នៃរបបជាច្រើននៅកម្ពុជា រួមទាំងបានជួបបញ្ហាសង្គ្រាមជាច្រើនឆ្នាំ ជាពិសេសភាពឈឺចាប់ ក្នុងសម័យខ្មែរក្រហម ដ៏ឃោរឃៅយ៉ងឃ្នង កាប់សម្លាប់ពលរដ្ឋស្លូតត្រង់ ធ្វើទុក្ខបុកម្នេញ បង្ខំឲ្យធ្វើការហួសកម្លាំង និងបង្អត់អាហារជាដើម ។
ពលរដ្ឋបានបន្តថា ដោយសារបញ្ហានៃសង្គ្រាមនេះហើយ ធ្វើឲ្យពួកកាត់ បានបាត់បង់អវៈយវៈ រស់នៅដោយភាពលំបាក ជាមួយនឹងជីវិតមានពិការភាពនេះ រួមទាំងព្រាត់ប្រាស់នូវសាច់ញាតិ រត់ចោលភូមិកជាស្រុកកំណើត ដោយសង្គ្រាមនេះហើយ បានបង្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមានដេសដាសនៅលើដី ក្នុងដី និងក្នុងទឹកជាដើម បង្កជាសោកនាដកម្មជាច្រើនបន្តទៀត ដល់ពលរដ្ឋកម្ពុជា មានស្លាប់ ពិការ របួស បង្អាកនូវការប្រកបអាជីវកម្មផ្សេង... ។
ក្នុងសារលិខិត នាឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវបងប្អូនកូនក្មួយ បើឃើញមីន ឬគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ កុំដំ កុំដុត កុំកែច្នៃ និងកុំគប់លេង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតបំផុត ដើម្បីយកគ្រាប់ទាំងនោះកម្ទេចចោល ។
សម្ដេចតេជោ បានដាស់តឿនបន្ថែមថា កុំប៉ះពាល់វត្ថុដែលសង្ស័យជាមីន ឬគ្រាប់មិនទាន់ផ្ទុះ ហាមលក់ដូរ ទិញ រក្សាទុក កែច្នៃមីន និងគ្រាប់មិនទាន់ផ្ទុះ កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាប់ ឬសង្ស័យមានមីន ៕អត្ថបទ បាន សុខរិទ្ធិ