អឺរ៉ុប៖ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់ «ជុំនៃការវាយលុករបស់រុស្ស៊ី»។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters ១ថ្ងៃមុនខួប ១ឆ្នាំនៃការវាយលុករបស់ទីក្រុងមូស្គូលើអ៊ុយក្រែន លោក Stoltenberg បាននិយាយថា ការវាយលុកនេះគឺជាផ្នែកមួយនៃលំនាំដែលរួមមានសកម្មភាពយោធារុស្ស៊ីនៅហ្សកហ្ស៊ីកាលពីឆ្នាំ២០០៨ និងនៅតំបន់ Donbas និងគ្រីមៀ ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០១៤។ លោក Stoltenberg និយាយថា យើងចាំបាច់ត្រូវធានាបានថា យើងបំបែកជុំនៃការវាយលុករបស់រុស្ស៊ី។ យើងត្រូវការពាររុស្ស៊ីមិនឲ្យបំផ្លាញសន្តិសុខអឺរ៉ុប។ នេះមានន័យថា អ៊ុយក្រែនមានសមត្ថភាពយោធា និងកម្លាំងដើម្បីទប់ទល់ការវាយលុកបន្ថែមទៀត។ ក្រៅពីការផ្តល់អាវុធ និងគ្រាប់រំសេវដល់អ៊ុយក្រែន ដើម្បីវាយរុញច្រានការវាយលុករបស់រុស្ស៊ី សម្ព័ន្ធយោធាណាតូក៏បានចាប់ផ្តើមពិភាក្សាជាមួយទីក្រុង Kyiv អំពីភាពជាដៃគូរយៈពេលវែងផងដែរ ដែលនេះរួមមានទាំងការជួយទីក្រុង Kyiv ដើម្បីធ្វើទំនើបកម្មស្ថាប័នការពារជាតិ និងសន្តិសុខរបស់ខ្លួន។

រុស្ស៊ីបានបានបដិសេធចំពោះការគាំទ្រក្រុមផ្តាច់ខ្លួននៅក្នុងតំបន់ Donbas របស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤ និងបាននិយាយថា ការបញ្ចូលឧបសម្ព័ន្ធឧបទ្វីបគ្រីមៀរបស់ខ្លួន ត្រូវបានគាំទ្រដោយការបោះឆ្នោតប្រជាមតិដែលទីក្រុង Kyiv និងប្រទេសលោកខាងលិចនិយាយថា បានរំលោភលើរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិរបស់អ៊ុយក្រែន។ លោក Stoltenberg និយាយថា សម្ព័ន្ធមិត្តបានមើលឃើញសញ្ញាដែលប្រទេសចិន កំពុងពិចារណាការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ហើយបានព្រមានទីក្រុងប៉េកាំងកុំឱ្យមានចំណាត់ការបែបនេះ។ យើងពុំបានឃើញការផ្គត់ផ្គង់ជំនួយណាមួយពីប្រទេសចិនដល់ប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែយើងបានឃើញសញ្ញាថា ពួកគេកំពុងពិចារណា ហើយប្រហែលជាកំពុងរៀបចំផែនការសម្រាប់រឿងនេះ។ នោះហើយជាមូលហេតុដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតបានព្រមានយ៉ាងច្បាស់លាស់ ហើយជាការពិតណាស់ប្រទេសចិនមិនគួរគាំទ្រសង្គ្រាមខុសច្បាប់របស់រុស្ស៊ីនោះទេ៕
អត្ថបទ៖ ប៊ុនថន