បាល់ទាត់៖ វ៉ាក់សាំង Sinovac ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងទៅដល់ទឹកដីអាមេរិកខាងត្បូងថ្ងៃអង្គារនេះ ដើម្បីប្រើប្រាស់សំរាប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាមេរិកខាងត្បូង Copa America។

វ៉ាក់សាំងចំនួន ៥ម៉ឺនដូសនឹងទៅដល់ទឹកដីប្រទេសអាហ្សង់ទីន និងកូឡុំប៊ី ដែលជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ធំជាងគេក្នុងតំបន់មួយនេះ។ កាលពីដើមខែមេសាកន្លងទៅ ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac Biotech បានចុះកិច្ចព្រមព្រៀង ជាមួយសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL ក្នុងការផ្តល់ជំនួយវ៉ាក់សាំងចាក់ជូនគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលនឹងចូលរួមព្រឹត្តិការណ៍ Copa America ឆ្នាំនេះ។ កីឡាករបាល់ទាត់ គ្រូបង្វឹក ក្រុមការងារបច្ចេកទេស មន្ត្រីអាជ្ញាកណ្តាលជាដើមសុទ្ធតែនឹងត្រូវទទួលវ៉ាក់សាំងទាំងអស់គ្នា។ ព្រឹត្តិការណ៍ Copa America នៅលើទឹកដីអាហ្សង់ទីន និងកូឡុំប៊ីនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមិថុនាខាងមុខនេះដល់ថ្ងៃទី១០ ខែកក្កដា បន្ទាប់ពីត្រូវបានលើកពេលមួយឆ្នាំដោយសារវិបត្តិ Covid-19។
សូមបញ្ជាក់ថា អាមេរិកខាងត្បូងជាទ្វីបដែលមានការឆ្លង រីករាលដាលខ្លាំងនៃមេរោគរាតត្បាត Covid-19 ជាក់ស្ដែងអាហ្សង់ទីនមានអ្នកឆ្លងសរុបជិត ៣លាននាក់ និងមានករណីស្លាប់ជាង ៦ម៉ឺននាក់ ឯកូឡុំប៊ីមានអ្នកឆ្លងសរុបប្រហាក់ប្រហែលអាហ្សង់ទីនដែរ និងមានករណីស្លាប់ជាង ៧ម៉ឺននាក់។ ប្រេស៊ីលជាប្រទេសនៅតំបន់អាមេរិកខាងត្បូង ដែលមានករណីឆ្លងច្រើនជាងគេ និងឈរលេខ៣ លើពិភពលោក ដោយមានអ្នកឆ្លងសរុបជាង ១៤លាននាក់ និងស្លាប់ជិត ២០ម៉ឺននាក់៕
អត្ថបទ៖នាង សុភាវុធ