សៀមរាប៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារត្រូវតែមានគុណភាព មានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដោយអនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ ទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។

ការអំពាវនាវខាងលើនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញបើកពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ ឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង, អភិបាលរងខេត្តសៀមរាប ផលិតករ ពាណិជ្ជករ កសិករ និស្សិត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ៣០០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បញ្ជាក់ថា យុទ្ធនាការទិញផលិតផលខ្មែរគឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះគឺជាសំឡេងជួយដាស់ស្មារតីប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។
ឯកឧត្តមបានបន្តថា តាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរចំនួន ៧រដូវកាលកន្លងមកនេះបានជួយពង្រឹងខ្សែសង្វាក់ផលិតកម្មក្នុងស្រុកជាបណ្តើរៗ ហើយផលិតករកម្ពុជាក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនបម្រើឱ្យទីផ្សារ។ ជាលទ្ធផលសង្កេតឃើញថា ផលិតផលខ្មែរមានវត្តមាននៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងលក់ទំនិញក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅមុខទាំងគុណភាព សុវត្ថិភាព សោភ័ណភាព និងអនាម័យ ដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាជួយលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ ខណៈដែលក្រសួងពាណិជ្ជកម្មកំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែមលើទីផ្សារដែលមានស្រាប់ តាមរយៈការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ដែលនឹងបញ្ចប់នៅពេលឆាប់ៗនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានាជាច្រើនទៀត ដែលធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគកម្ពុជាកាន់តែទូលំទូលាយ។
សូមជម្រាបថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ធ្វើឡើងរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុង/ខេត្តសៀមរាប ដោយមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១២ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីករក្នុងស្រុកចូលរួមចំនួនជាង១០០។ ក្នុងអំឡុងពេលនេះដែរ ក្រសួងពាណិជ្ជកម្មក៏មានរៀបចំព្រឹត្តិការណ៍អមមួយចំនួនទៀតផងដែរ ដូចជា ការចម្អិនម្ហូបអាហារខ្មែរ កម្មវិធីសិក្ខាសាលាស្តីពីការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្កានុពលកម្ពុជា កម្មវិធីផ្គូផ្គងពាណិជ្ជកម្ម កិច្ចពិភាក្សាស្តីពីបន្លែសុវត្ថិភាពសម្រាប់កុមារ និងការលេងសិល្បៈខ្មែរកំដរក្នុងពេលរាត្រីផងដែរ៕




