សៀមរាប ៖ ស្មៅពើកដ៏ក្រាស់ឃ្មឹក ដែលមានអាយុកាលជាច្រើនឆ្នាំ ស្ថិតនៅក្នុងទឹកកស្សិន្ធុ ក្រុងអង្គរធំ ពីខាងលិច ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមស្ដារចេញពីកស្សិន្ធុនោះ ដើម្បីអភិរក្ស និងលើកតម្លៃប្រាង្គប្រាសាទបុរាណ អោយមានភាពស្រស់ស្អាត និងទាក់ទាញអ្នកទេសចរ ជាពិសេសសម្រួលដល់ប្រព័ន្ធចរន្ដទឹកនៅក្នុងកសិ្សន្ធុ។
ឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៧ខែមេសានេះថា ស្មៅពើកនេះ បានដុះក្នុងកស្សិន្ធុក្រុងអង្គរធំ ពីខាងលិច និងឈាងខាងជើង ជាប់ខ្លោងទ្វារតាកាវ ដែលមានទំហំបណ្ដោយ១៥០០ម៉ែត្រ និងទំហំទទឹងជិត១០០ម៉ែត្រមានអាយុកាលជាច្រើនឆ្នាំមកហើយ ព្រោះមិនធ្លាប់មានការស្ដារម្ដងណាឡើយ ដែលនេះជាការស្ដារលើកទី១ ខុសពីកសិ្សន្ធុទន្លេអុំមានការថែទាំ និងសំអាតរាល់ថ្ងៃ។ការស្ដារនេះ ដោយប្រើដោយកំលាំងពលកម្មរបស់មនុស្ស និងប្រើប្រាស់សម្ភារៈធន់ស្រាល ដូចជាចងខ្សែទាញ មង ក្បូន ទូកអូសពើកចេញពីទឹកជាដើម ។ ឯកឧត្ដម បានបន្ដថា ការសា្ដរសាកល្បងដំបូងនេះ អាចប្រើរយៈពេលច្រើនខែ អាចពី៥ខែទៅ៦ខែទើបរួចរាល់ ខណៈដែលស្មៅពើកនេះ មានកម្រាស់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ។
ឯកឧត្ដម បន្ដថា ការយកពើកចេញពីទឹកកសិ្សន្ធុនេះ មិនមានផលប៉ះពាល់ ដល់ជីវៈចម្រុះរបស់សត្វ ក៏ដូចជាដល់ប្រាង្គប្រាសាទបុរាណនោះឡើយ ។
បើតាមឯកឧត្ដម យិត ចាន់ដារដ្ឋ លើកឡើងថា គម្រោងសា្ដរពើកសាកល្បងនេះ បានចាប់ផ្ដើម កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២១នេះ ក្រោយពេលមានការចូលរួមនិងគាំទ្រថវិកាផ្ទាល់ខ្លួនពីសប្បុរសជន រួមមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជនជាច្រើនទៀត។ សប្បុរសជនដែលបានចូលរួមស្ដារពើកនេះ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ ប្រាង្គប្រាសាទបុរាណនៅក្នុងកសិន្ធុក្រុងអង្គរធំ ដើម្បីទុកជាប្រយោជន៍ដល់កិច្ចការអភិរក្ស ជាពិសេសជួយលើកស្ទួយដល់ទេសភាពក្នុងតំបន់អង្គរ សម្រាប់ទាក់ទាញអ្នកទេសចរ និងជួយសម្រួលដល់ចរន្ដទឹកក្នុងកស្សិន្ធុក្រុងអង្គរធំផងដែរ៕
អត្ថបទ ៖ សាវី







