ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការ Water.org បានប្រកាសពីកិច្ចសហការរយៈពេលពីរឆ្នាំ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សេវាទឹកស្អាត និងអនាម័យដល់សហគ្រាសធុនតូច និងមធ្យម និងប្រជាជនក្នុងប្រទេសកម្ពុជា។

ភាពជាដៃគូនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់សមាជិក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងការអភិវឌ្ឍ និងផ្តល់ជូននូវផលិតផលឥណទានទឹកស្អាត និងអនាម័យដល់អតិថិជនរបស់ពួកគេ សំដៅដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជា។ កង្វះទឹកស្អាត និងអនាម័យជាបញ្ហាសំខាន់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ។ ដើម្បីដោះស្រាយបញ្ហានេះ កិច្ចសហការរវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ Water.org នឹងផ្តោតលើការកសាងសមត្ថភាពដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគម ដើម្បីអនុវត្តកម្មវិធីការអភិវឌ្ឍឥណទានទឹកស្អាត ក្នុងនោះ គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមនឹងទទួលបានជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍ និងកែលម្អផលិតផលហិរញ្ញវត្ថុសម្រាប់ទឹកស្អាត និងអនាម័យផងដែរ។
ការអនុវត្តកម្មវិធី ការអភិវឌ្ឍឥណទានទឹកស្អាត ក៏នឹងជួយដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការរក្សាបានអតិថិជនរបស់ខ្លួន និងគុណភាពនៃប្រាក់កម្ចី ដោយធានាបាននូវនិរន្តរភាពអាជីវកម្ម ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងប្រកបដោយទំនួលខុសត្រូវ។ កិច្ចសហការរវាង CMA និងអង្គការ Water.org រួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជួយដល់អតិថិជនព្រមទាំងគ្រួសារពួកគេមានភាពប្រសើរឡើងនូវគុណភាពជីវិត និងសុខភាពល្អជាងមុនតាមរយៈលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យដែលមានលក្ខណៈល្អប្រសើរ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការសហការនេះដើម្បីបង្កើនលទ្ធភាពទទួលបានសេវាឥណទានទឹកស្អាត និងអនាម័យដល់សហគ្រាសធុនតូច និងមធ្យម និងប្រជាជនក្នុងប្រទេសកម្ពុជា” និងចូលរួមចំណែកពង្រឹងសមត្ថភាពរបស់សមាជិក តាមរយៈការផ្តល់ជូននូវផលិតផលឥណទានទឹកស្អាត និងអនាម័យដល់អតិថិជនរបស់ពួកគេ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការទទួលបានទឹកស្អាត និងអនាម័យនៅក្នុងសហគមន៍ ព្រមទាំងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។»
លោកស្រី Griselda (Gay) Santos នាយិកានៃអង្គការ Water.org ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា តាមរយៈការផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាប្រឈមលើការទទួលបានទឹកស្អាត និងអនាម័យគឺនឹងអាចលើកកំពស់គុណភាពជីវិត និងសុខភាពប្រជាជនក្នុងប្រទេសកម្ពុជា»។ កិច្ចសហការរវាង CMA និង Water.org គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការរួមចំណែក ដល់ការសម្រេចបាននូវគោលដៅស្តីពីលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យរបស់ប្រជាជន ១០០ភាគរយក្នុងប្រទេសកម្ពុជា នៅតំបន់ជនបទត្រឹមឆ្នាំ២០២៥ ទន្ទឹមនឹងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុផងដែរ៕ អត្ថបទ៖ ដាវណ្ណ


