កំពង់ចាម៖ ឯកឧត្ដម គន់ គីម បានជំរុញដល់សមាជិកនៃសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំ និងជួយលើកស្ទួយជីវភាពគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋានឲ្យល្អប្រសើរឡើង។

ការថ្លែងបែបនេះរបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិយសសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន គណៈកម្មការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ឯកឧត្តម គន់ គីម បានថ្លែងថា ក្រោយពីបង្កើតគណៈកម្មការសមាគមអតីតយុទ្ធជនមក បានធ្វើឲ្យជីវភាពរបស់គ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋានកាន់តែល្អប្រសើរឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម គន់ គីម បានជំរុញដល់គណៈកម្មការសមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងតាមដានចំពោះជីវភាពជាប្រចាំរបស់អតីតយុទ្ធជនពីថ្នាក់លើដល់ថ្នាក់ក្រោម។
ឯកឧត្តម គន់ គីម បានជំរុញលើកទឹកចិត្តដល់សមាជិកសមាជិកាដែលជាអតីតយុទ្ធជនទាំងអស់ ចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាបន្តទៀត ដោយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានគិតគូរសុខទុក្ខបងប្អូនជាអតីតយុទ្ធជនគ្រប់ពេលវេលា ពោលគឺក្នុងកាលៈទេសៈកូវីដ១៩នេះ សម្តេចតេជោ ខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកចាក់ជូនបងប្អូនអតីតយុទ្ធជនក្នុងជួរមុខទៀតផង។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គុណបំណាច់របស់អតីតយុទ្ធជនគឺមិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាល ឲ្យសក្តិសមទៅនឹងអ្វីដែលបងប្អូនជាអតីតយុទ្ធជន បានលះបង់ពលីទាំងកម្លាំងកាយចិត្តក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។ គូសបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន គណៈកម្មការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាមនេះ គឺបានតែងតាំងលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ខណៈលោក ឯម កុសល ត្រូវផ្ទេរភារកិច្ចថ្មី៕





