អឺរ៉ុប៖ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅជុំវិញពិភពលោក បានបើកភ្លើងបំភ្លឺអគារមានពណ៌លឿង និងពណ៌ខៀវ ដើម្បីធ្វើបាតុកម្ម និងបានរៀបចំទណ្ឌកម្មថ្មីលើទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ក្នុងការបង្ហាញការរួបរួមការគាំទ្រអ៊ុយក្រែននៅក្នុងថ្ងៃខួប ១ឆ្នាំនៃការវាយលុករបស់រុស្ស៊ី។

មនុស្សជាង ១ម៉ឺននាក់នៅទីក្រុងប៊ែកឡាំងបានចេញដើរដង្ហែក្បួនបាតុកម្ម ដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែន។ មនុស្សរាប់ពាន់នាក់បានដើរដង្ហែឆ្លងកាត់ទីក្រុង ហើយបានប្រមូលផ្តុំគ្នានៅមុខច្រកទ្វារ Brandenburg ដែលត្រូវបានបើកភ្លើងបំភ្លឺនៅពេលយប់ដោយពណ៌ទង់ជាតិរបស់អ៊ុយក្រែន។ ការតវ៉ានៅតាមដងផ្លូវបានឆ្លងកាត់ស្ថានទូតរុស្ស៊ី ជាកន្លែងដែលអ្នកដើរដង្ហែក្បួនបានស្រែកពាក្យប្រឆាំងរុស្ស៊ី និងកាន់បដាដែលហៅប្រធានាធិបតីរុស្ស៊ីលោក Putin ថាជាភេរវករ។ រដ្ឋាភិបាលពីទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ និងទីក្រុងប៊ែរឡាំងបាននិយាយថា ពួកគេនឹងនៅជាប់ជានិច្ចជាមួយអ៊ុយក្រែនដរាបណាប្រទេសនេះត្រូវការ ដោយបញ្ជូនជំនួយ និងសព្វាវុធទំនើបៗទៅកាន់ទីក្រុងគីវ និងបង្កើនសម្ពាធទណ្ឌកម្មលើទីក្រុងមូស្គូ។ មនុស្សរាប់ពាន់នាក់ផ្សេងទៀតបានប្រមូលផ្តុំគ្នានៅទីក្រុង Tbilisi ប្រទេសហ្សកហ្ស៊ីដើម្បីគាំទ្រអ៊ុយក្រែន។ ការប្រមូលផ្តុំគ្នាចំនួន៣ ដាច់ដោយឡែកពីគ្នារៀបចំដោយក្រុមប្រឆាំងនៅហ្សកហ្ស៊ី ជនភៀសខ្លួនអ៊ុយក្រែន និងពលរដ្ឋរុស្សីដែលបានភៀសខ្លួនចេញពីការគាបសង្កត់នៅប្រទេសរបស់ពួកគេ បានចូលរួមជាមួយសភាហ្សកហ្ស៊ីសម្រាប់ព្រឹត្តិការណ៍ដែលមានឈ្មោះថា ពន្លឺនឹងឈ្នះទីងងឹត។

ទង់ជាតិរបស់ក្រុមប្រឆាំងប្រទេសបេឡារុស និងម៉ុលដូវ៉ាក៏ត្រូវបានគេមើលឃើញនៅក្នុងការប្រមូលផ្តុំគ្នានេះ ព្រមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ នៅក្នុងថ្ងៃខួបនេះដែរ ជនភៀសខ្លួន និងជនអន្តោប្រវេសន៍អ៊ុយក្រែនរាប់រយនាក់នៅក្នុងប្រទេសក្រិច បានចេញដើរដង្ហែក្បួនឆ្លងកាត់រដ្ឋធានី។ មនុស្សជាច្រើនស្លៀកសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសកំណើតពួកគេ ដែលក្រុមបាតុកររួមមានទាំងកុមារបានដើរដង្ហែក្បួន ទៅកាន់អគារសភារបស់ប្រទេសនៅកណ្តាលក្រុងអាតែន ដោយមានកាន់ទង់ជាតិអ៊ុយក្រែនដ៏ធំមួយប្រវែងជាច្រើនម៉ែត្រ។ នៅក្នុងពិធីដ៏ស្ងប់ស្ងាត់មួយនៅខាងក្រៅ ការិយាល័យអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតមកពីប្រទេសជាច្រើនដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានស្ថិតក្នុងភាពស្ងៀមស្ងាត់មួយនាទី និងបានសម្តែងការគាំទ្រចំពោះទីក្រុង Kyiv ខណៈពួកគេប្រារព្ធខួបមួយឆ្នាំនៃការវាយលុករបស់រុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន