ភ្នំពេញ៖ លោកជំទាវ បណ្ឌិត ដាំ ដាវីនី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែកសិល្បៈ និងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានស្នើដល់បងប្អូនដែលជាកីឡាករ-កីឡាការិនីត្រៀមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទាំងអស់ត្រូវថែបំប៉នសុខភាព និងខិតខំធ្វើការហ្វឹកហាត់ឲ្យបានទៀងទាត់ ស្របទៅតាមលោកគ្រូ អ្នកគ្រូណែនាំ។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រូអប់រំកាយ កីឡាករ-កីឡាការិនីជម្រើសជាតិនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានគ្រូអប់រំកាយ កីឡាករ-កីឡាការិនី អត្តពលកម្មជនពិការ គ្រីឃីត យូដូ ល្បុក្កតោ អានីស វូស៊ូ ហុកគី Floorball និងលើកទម្ងន់ ប្រមាណ ២២១នាក់នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ លោកជំទាវ ដាំ ដារីនី បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកស្ទួយវិស័យកីឡា ដោយបានធ្វើការរៀបចំនូវគោលនយោបាយស្ដីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា ជាយន្តការអនុវត្តតាមរយៈក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះក៏មានការលើកទឹកចិត្ត និងឧបត្ថម្ភជូនដល់កីឡាករ-កីឡាការិនីដែលកំពុងធ្វើការហ្វឹកហាត់ផងដែរ។ ជាមោទនភាពសម្រាប់ប្រទេសកម្ពុជាដែលក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះយើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលនេះបានបង្ហាញអំពីការរីកចម្រើន ស្មើមុខ ស្មើសិទ្ធជាមួយបណ្ដាប្រទេសដទៃនៅក្នុងតំបន់ និងអន្តរជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី។
លោកជំទាវ បានធ្វើការផ្តាំផ្ញើជូនដល់កីឡាករ-កីឡាការិនីត្រូវថែរក្សាសុខភាពឲ្យបានល្អ និងខិតខំធ្វើការហ្វឹកហាត់ គោរពវិន័យ និងលក្ខន្តិកៈឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមប្រកួត និងយកជ័យជម្នះ «ក្នុងការដណ្ដើមមេដាយមាសក្នុងការប្រកួត ជាពិសេសនៅពេលប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនឹងប្រព្រឹត្តិទៅនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។ សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះគឺនៅសល់តែ ៦៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ។ រាជធានី-ខេត្តចំនួន៥ ត្រូវបានកំណត់សម្រាប់ការប្រកួតកីឡាគឺរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និងកំពត។ រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះកីឡាជាច្រើនប្រភេទ ខេត្តសៀមរាបនឹងរៀបចំការប្រកួតកីឡាជិះកង់ ខេត្តព្រះសីហនុនឹងជាកន្លែងប្រកួតកីឡាជិះស្គី និងទូកក្តោង កែបនឹងធ្វើជាម្ចាស់ផ្ទះកីឡាទ្រីយ៉ាត្លុង ហើយខេត្តកំពតនឹងរៀបចំការប្រកួតកីឡាទូកក្ដោង និងកាយ៉ាក។ នេះជាលើកទីមួយហើយសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិក ១រូបក្នុងចំណោមសមាជិកស្ថាបនិកទាំង៦ ដែលរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះ បន្ទាប់ពីរយៈពេល ៦៤ឆ្នាំ៕ អត្ថបទ៖ បានចក់





