ភ្នំពេញ៖ ករណីអគ្គីភ័យដែលបានឆាបឆេះបន្ទប់ខុនដូថ្ងៃមិញនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានមន្ត្រីសមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ដោយបានឆាបឆេះបំផ្លាញទ្រព្យសម្បត្តិមួយចំនួននៅក្នុងបន្ទប់ខាងលើ ហើយម្ចាស់បន្ទប់ជាអ្នកគ្រប់គ្រងអគារខុនដូខាងលើផ្ទាល់។

បន្ទប់ខុនដូឆាបឆេះលេខ C1508 ជាបន្ទប់ស្ថិតនៅជាន់ទី១៥ នៃអគារខុនដូ ECC-EASTVIEW ដោយមានម្ចាស់បន្ទប់ឈ្មោះ Judy ភេទប្រុស អាយុ ៣១ឆ្នាំជាជនជាតិចិន។ ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ០៣គ្រឿង ក្នុងចំណោមរថយន្តជាច្រើនដែលបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានប្រើពេលវេលាអស់ជិត ១ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍ឆាបឆេះអោយរលត់សូន្យ ១០០ភាគរយ។ ក្នុងហេតុការណ៍ដដែលមិនមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។
គួររំលឹកថា ករណីអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១៣ និង៤០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវលេខ៤១ ក្បែរអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ អត្ថបទ៖ លីហេង




