ភ្នំពេញ៖ ទីតាំងរោងចក្រផលិតនំប៉័ងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅដល់ទីតាំងដើម្បីជួយអន្តរាគមន៍ពន្លត់ ជៀសវាងរាលដាលដល់ទីតាំងផ្សេងទៀត។ក៏ប៉ុន្តែបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ០១ និង១៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចរោងចក្រផលិតនំប៉័ងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលំ មូលដ្ឋានសង្កាត់ការកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាទីតាំងរោងចក្រផលិតនំបុ័ងនេះគឺមានកម្មករធ្វើជាពីវេណ កាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី ២៦ខែកុម្ភៈ ២០២៣ ក្រុមវេណទី០១ ចេញពីធ្វើការមិនទាន់មានការឆាប់ចេញនៅឡើយទេ។ ខណៈវេលាដល់ម៉ោង០១និង ១៥ នាទីស្រាប់តែមានផ្សែងហ៊ុយចេញពីខាងក្នុងនៃរោងចក្រ បង្កជាអណ្ដាតភ្លើងពេលនោះក្រុមកម្មករបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានឡើយ។ដោយអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោរសន្ធៅ ខ្លាំងឡើងខ្លាំងឡើង។ ភ្លាមៗនោះបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅមន្ត្រីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកាត់ហេតុដើម្បីជួយបាញ់ពន្លត់។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាពេលទទួលបានដំណឹងភ្លាមៗលោកបានបញ្ចេញរថយន្តគ្រប់គោលដៅដើម្បីជួញជួយអន្តរាគមន៍ តែទោះជាយ៉ាងណាអណ្ដាតភ្លើងបានឆាប់ឆេះខ្លាំងទៅហើយដោយសម្ភារៈខាងក្នុងរោងចក្រភាគច្រើនជាតិប័រនិងម្សៅ ដូច្នេះវាឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យមន្ត្រីអាជ្ញាធរលំបាកក្នុងការជួយបាញ់ពន្លត់ឱ្យទាន់ពេលវេលា។
ក្នុងប្រតិបត្តិការនេះដែរទីតាំងរោងចក្រផលិតនំប៉័ងត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញសម្ភារៈខាងក្នុងអស់ស្ទើរទាំងស្រុងនិងបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួស។ នឹងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងរួមមានរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តស្រាបៀរកម្ពុជា រថយន្តក្រសួងមហាផ្ទៃ និងរថយន្តក្រុមហ៊ុនឯកជន OCIC ចេញជួយអន្តរាគមន៍។ចំពោះមូលហេតុមន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី តែយ៉ាងណាមន្ត្រីជំនាញធ្វើការស្រាវជ្រាវបន្តទៀតដើម្បីរកមូលហេតុច្បាស់លាស់៕ អត្ថបទ៖ កុម្ភៈ




