ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសរលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កម្ពុជាកំពុងដើរលើនយោបាយ ត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដមថ្លែងថា៖ «នយោបាយ គឺពិបាក នយោបាយត្រូវការគិតគូរពិចារណាយល់ឲ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយព្រោះថា នយោបាយតម្រូវឲ្យមានការសម្រេចចិត្ត ហើយការសម្រេចចិត្តនេះអាចជះឥទ្ធិពលវិជ្ជមានផង និងអវិជ្ជមានផង។ ទោះបីជាយ៉ាងនេះក្ដី ក៏ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជាកំពុងដើរលើនយោបាយ ត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»។
ឯកឧត្ដម បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលអះអាងថាល្អឥតខ្ចោះនោះទេ ហើយក៏មិនអះអាងថាគ្មានចំណុចខ្វះខាតនោះដែរ។ ចំណុចពិសេសរបស់គណបក្សប្រជាជនកម្ពុជា គឺការគិតគូរពិចារណាជូនប្រជាជន និងប្រទេសជាតិ ជាជាចង្កោមរួម (មើលព្រៃទាំងមូលកុំមើល តែមួយដើម) ធ្វើយ៉ាងណាឲ្យកម្ពុជាដើរឆ្ពោះទៅមុខប្រកបដោយស្ថិរភាព វិបុលភាព និងភាពសុខដុម។
ឯកឧត្ដម បញ្ជាក់ថា កម្ពុជាធ្លាប់ត្រូវបានសាកល្បងក្នុងបរិបទជាច្រើន តែកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែមានវិធីសាស្ត្រគត់មត់ ហ្មត់ចត់ ត្រឹមត្រូវជាពិសេសការបណ្ដុះបណ្ដាលកម្មាភិបាលជំនាន់ ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយវិបត្តិទាំងអស់នោះ ប្រកបដោយប្រសិទ្ធភាពជាទីបំផុត៕ អត្ថបទ៖ វ៉ន ដារ៉ា








