បាល់ទាត់៖ ខ្សែប្រយុទ្ធ AC Milan, Zlatan Ibrahimovic កំពុងត្រូវបាន UEFA ស៊ើបអង្កេតសង្ស័យមានពាក់ព័ន្ធភាគហ៊ុនជាមួយក្រុមហ៊ុនភ្នាល់។ យោងតាមរបាយការណ៍ព័ត៌មាននៅប្រទេសស៊ុយអែតអោយដឹងថា ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំរូបនេះបានក្លាយជាដៃគូវិនិយោគជាមួយក្រុមហ៊ុនភ្នាល់មួយ។
បើតាមច្បាប់របស់ UEFA កីឡាករមិនអាចធ្វើការភ្នាល់ មិនអាចមានដើមទុនវិនិយោគជាមួយក្រុមហ៊ុនភ្នាល់បានឡើយ។ សប្តាហ៍មុន Zlatan Ibrahimovic ទើបតែបានចុះហត្ថលេខាបន្តកិច្ចសន្យាមួយឆ្នាំទៀតជាមួយ AC Milan។ អតីតខ្សែប្រយុទ្ធ Manchester United រូបនេះរកបាន ១៧គ្រាប់ក្នុងការបង្ហាញខ្លួន ២៥លើកឲ្យ AC Milan រដូវកាលនេះ។ ជុំវិញរឿងនេះសាម៉ីខ្លួន Ibrahimovic មិនទាន់ចេញបកស្រាយនៅឡើយ ស្របពេល UEFA កំពុងស៊ើបអង្កេតបញ្ហានេះ៕
អត្ថបទ៖នាង សុភាវុធ