តាកែវ៖ ថ្លែងនៅក្នុងឱកាសចុះផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានលើកឡើងប្រាប់ដល់សមាជិក សមាជិការគណបក្ស ដែលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាពិសេសបានលើកស្ទួយកិត្តិយសប្រទេសជាតិឲ្យខ្ពស់មុខមាត់ស្នើនិងប្រទេសធំៗដទៃទៀតនៅលើពិភពលោក។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍បន្តថា ការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរនិងការនាំវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងទទួលស្គាល់កម្ពុជាថា ជាប្រទេសដែលមានសមត្ថភាពពិតប្រាកដដែលអាចគ្រប់គ្រងជំងឺកាចសាហាវនេះបាន ហើយការធ្វើជាប្រធានដឹកនាំកិច្ចប្រជុំអាស៊ានដែលមានមេដឹកនាំប្រទេសជាច្រើនចូលរួមជាពិសេសមេដឹកនាំប្រទេសមហាអំណាច អាមេរិក ចិន រុស្ស៊ី ខណៈដែលពិភពលោកកំពុងតែប្រឈមមុខ និងសង្រ្គាម រុស្ស៊ី អ៊ុយក្រែន ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ តែកម្ពុជាអាចដឹកនាំកិច្ចប្រជុំនេះបានជោគជ័យដែលនាំដល់កិត្តិយសដល់ប្រទេសកម្ពុជាយើង។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន មានប្រសាសន៍បន្តថា នៅប៉ុន្មានខែខាងមុខ ប្រទេសកម្ពុជាយើងក៏នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡាករប្រទេសជាច្រើនចូលរួមហើយក៏និងមានមនុស្សរាប់លាននាក់រងចាំទស្សនាផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានបានណែនាំឱ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន ត្រូវយកចឹត្តទុកដាក់បំរើសេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បង្កើនអំពើល្អ បង្កើនការយកចិត្តទុកដាក់ពីសុខទុក្ខ និងផ្តល់នូវក្តីស្រលាញ់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលនិងនាំឲ្យសម្លេងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខនឹងរឹតតែកើនឡើងយ៉ាងប្រាកដជាក់ជាពុំខាន៕អត្ថបទ៖ គុជ វិភាគ