កំពង់ស្ពឺ ៖ ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្ត្រីសុខាភិបាល នៃស្រុកឧដុង្គខេត្តកំពង់ស្ពឺ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន បាត់ដឹង ដែលជាស្រុកពិសេស នៃចំណុចចាប់ផ្ដើមការងារមូលដ្ឋានរបស់ឯកឧត្តមផ្ទាល់។
ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមាន លោកគ្រូ អ្នកគ្រូបង្រៀន លោកគ្រូ អ្នកគ្រូពេទ្យនៅស្រុកឧដុង្គ ដែលជាស្រុកដែលឯកឧត្តមបានហ្វឹតហាត់ការងារមូលដ្ឋានដំបូងកាលពីឆ្នាំ ២០១២។ ឯកឧត្តម បានលើកឡើងថា ការជួបជុំសប្បាយរីករាយនាថ្ងៃនេះ
បានផ្សារភ្ជាប់នូវមនោសញ្ចេតនា និង អនុស្សាវរីយ៍ល្អៗ និងការរៀនសូត្រដោយផ្ទាល់ពី ភាពហ្មត់ចត់ ភាពទន់ភ្លន់ ការគោរពគ្នាទៅវិញទៅមក ក្នុងការទាក់ទង ការហ្វឹកហាត់ការងារ ដោយមិនប្រកាន់វ័យដែលនាំឲ្យការងារទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឯកឧត្តម បានរៀនសូត្រដោយផ្ទាល់ពី ថ្នាក់ដឹកនាំស្រុក និងមានឱកាសរៀនសូត្រពីមេឃុំ រួមទាំងលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមវគ្គបំប៉នសិស្សានុសិស្សដែលត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលេចផងដែរថា ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋាន យើងត្រូវរៀនសូត្រពីសៀវភៅ សាលា និងទ្រឹស្តីនានា បន្ទាប់មកយើងគប្បីរៀនសូត្រពីបុគ្គលជោគជ័យ តាមរយៈការសង្កេត សិក្សា និងស្វែងយល់ពីសិល្បៈនៃការដឹកនាំ រៀនសូត្រពីភាពជោគជ័យ និងបរាជ័យរបស់ពួកគេ រួចហើយ ខិតខំហ្វឹតហាត់សមត្ថភាពខ្លួនឯង និងបន្តរៀនសូត្រពីការងារ ដោយអោយការងារបង្រៀនតាមរយៈការរៀនធ្វើផង អនុវត្តផង និងដកស្រង់ជាបទពិសោធន៍ផង។
ស្របជាមួយការលើកឡើងខាងលើនេះ ឯកឧត្តម បានលើកឡើងទៀតថា ចំណេះដឹង គឺជាមូលដ្ឋាននៃការដឹកនាំ តែមិនទាន់គ្រប់គ្រាន់នោះទេ គឺយើងត្រូវចេះប្រើចំណេះដឹងឱ្យត្រូវគោលដៅ ទើបគ្រប់គ្រាន់។ ទន្ទឹមនឹងនោះឯកឧត្តមបានគូរបញ្ជាក់ពីទស្សនៈផ្ទាល់ខ្លួនថា ការដឹកនាំមានកម្រិតខុសៗគ្នា ដែលតម្រូវឱ្យមានការសិក្សាសុីជម្រៅ និងអនុវត្តការងារតាមបែបបទ និងមូលដ្ឋាននៃស្ថាប័ននីមួយៗ ៕ អត្ថបទ ៖ រដ្ឋា










