
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម័យបក់ផ្លិតវាបានទៅឆ្ងាយពីយើងគ្រប់គ្នាចង់អស់ហើយ ខណៈសព្វថ្ងៃគឺមានភ្លើងអគ្គិសនីស្ទើតែគ្រប់ទីកន្លែង ពោលគឺជាង៩០ភាគរយនៃភូមិនៅទូទាំងប្រទេសតែម្តង។
ថ្លែងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុបចំនួន ៥.៤៥០នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សព្វថ្ងៃនេះអគ្គិសនីស្ទើតែមានគ្រប់ទីកន្លែង ហើយប្រជាពលរដ្ឋបានប្រើប្រាស់ នូវកង្ហា និងម៉ាស៊ីនត្រជាក់ជំនួសនូវផ្លិត ដោយកាលមុនទៅទៅណាកន្លែងណាក៏មានផ្លិតជាប់នឹងដៃដែរ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ ហើយវិស័យអគ្គិសនី ទឹកស្អាត ក៏បានកំពុងពង្រីងជាបន្តបន្ទាប់បន្ថែមទៀតឲ្យគ្រប់ភូមិឃុំ នៅទូទាំងប្រទេស៕
អត្ថបទ៖ បាន ចក់