
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងជាថ្មីម្តងទៀតថា នាពេលបច្ចុប្បន្ននេះអ្នក ដែលចង់កំចាត់សម្តេចចោលនោះ គឺមិនទាន់បានចាប់កំណើតក្នុងផ្ទៃម្តាយរបស់គេនោះទេ ខណៈសម្តេចបានមានប្រសាសន៍បែបនេះ គឺចង់ចំអកឲ្យបុគ្គលពាលម្នាក់ ដែលកំពុងរត់ចោលស្រុកនោះ។
ថ្លែងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុបចំនួន ៥.៤៥០នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មានកូនក្មេងម្នាក់(បុគ្គល ស៊ន ដារ៉ា) ដែលកំពុងរស់នៅក្រៅប្រទេសនោះ កំពុងធ្វើឬក និងមហិច្ឆតាស្មើនឹងមេរបស់ខ្លួន ហើយក៏បានតាំងខ្លួនថា ចង់កំចាត់សម្តេចចោលផងដែរនោះ។
ទាក់ទងនឹងក្មេងពាលម្នាក់នេះសម្តេចតេជោ ក៏បានមានប្រសាសន៍នាពេលកន្លងទៅផងដែរ ដោយសម្តេចបានលើកឡើងថា សម្តេចពិតជាគួរឲ្យហួសចិត្ត ចំពោះបុគ្គល ស៊ន ដារ៉ា បានលើកជាយោបល់បើកការចរចាជាមួយសម្តេចដោយភ្ជាប់មកជាមួយលក្ខខ័ណ្ឌ៤ ក្នុងនោះលក្ខខ័ណ្ឌទីមួយគឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនទើប ស៊ន ដារ៉ា ព្រមចូលរួមជាមួយគណបក្សប្រជាជន។ ស៊ន ដារ៉ា បាននិយាយថាគាត់ជាសត្វ ឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។នេះជាការប្រៀបធៀបបែបប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពតឯព្រះបានបង្កើតស៊ន ដារ៉ាមកដើម្បីបង្រ្កាបហ៊ុន សែន។ ពេលនោះសម្តេចបាន ផ្តាំទៅ ស៊ន ដារ៉ាវិញថា កុំថាឡើយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជនក៏មិនបានផងព្រោះ ស៊ន ដារ៉ា កំពុងមានរឿងនៅតុលាការ។
សម្តេចបានសង្កត់ធ្ងន់ទៀតថា«ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។ ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បីបង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូអ្នកដែលបង្រ្កាបហ៊ុន សែន បានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ។ ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាបហ៊ុន សែន គឺរឿងយល់សប្តិទាំងថ្ងៃ»។
ក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភីនោះដែរ សម្តេចតេជោ ក៏បានចំអកឲ្យបុគ្គលស៊ន ដារ៉ា និងមេរបស់ខ្លួន ថាមិនទាន់ដឹងអីផងអាមេ និងអាកូន ដណ្តើមគ្នាធ្វើជានាយករដ្ឋមន្រ្តីបាត់ហើយ៕
អត្ថបទ៖ បាន ចក់