ក្រចេះ៖ លោកឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា នឹងបន្តលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។
ការថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារបូកសរុបប្រចាំឆ្នាំ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអតីតយុទ្ធជនខេត្តក្រចេះ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ គីម សុផារុន បានពាំនាំយក នូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងនឹករលឹកមកដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
លោកឧត្តមសេនីយ៍ទោ គីម សុផារុន មានប្រសាសន៍ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជាមានសន្តិភាពក្រោមការដឹកនាំ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។ លោកឧត្តមសេនីយ៍ទោ គីម សុផារុនបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ពិសេសថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ដោយបន្តលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ និងត្រូវមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ គីម សុផារុន គូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយជីវភាពរបស់អតីតយុទ្ធជន ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់ ខណៈនាពេលខាងមុខ រាជរដ្ឋាភិបាលនឹងសាងសង់ផ្ទះចំនួនជាង៣០០ខ្នងបន្ថែមទៀតដល់កងកម្លាំងការពារព្រំដែននៅខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ គីម សុផារុន ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នាចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូនតាមគ្រួសារ តាមខ្នងផ្ទះនីមួយៗ៕