ភ្នំពេញ៖ គណបក្សនយោបាយបី នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មី ខណៈការឃោសនានឹងចាប់ផ្តើមចុងខែមីនាខាងមុខ។
បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មីទាំង៥ ដែលស្ថិតក្នុងខេត្តចំនួនបី រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ គ.ជ.ប បានបន្តអនុវត្តលើនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សា-ឃុំ-សង្កាត់ សរុបចំនួន២៤៦រូប មកពី៣៦ឃុំ-សង្កាត់ ដោយការចុះឈ្មោះបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា បន្ទាប់ពីការចុះឈ្មោះបានបញ្ចប់ គ.ជ.ប នឹងឈានទៅរកការរៀបចំការយុទ្ធនាឃោសនាបោះឆ្នោតដល់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងប្រព្រឹត្តទៅដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ខណៈយុទ្ធនាការឃោសនានឹងចាប់ផ្តើមនាចុងខែមីនាខាងមុខ ដែលមានរយៈពេល៨ថ្ងៃ។
ឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ទៀតថា អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត បណ្តាគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់ខ្ជាប់អនុវត្តតាមបទបញ្ជា នីតតិវិធីរបស់ គ.ជ.ប ក៏ដូចជាអត់ធ្មត់ និងបញ្ជៀសការប្រើប្រាស់វោហាស័ព្ទផ្ទុយពីច្បាប់ដាក់គ្នាទៅវិញទៅមកផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មីទាំង៥នោះ ដូចជា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល, ក្រុងឧដ្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។
ក្នុងនោះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តនីមួយៗ បានដំណើរចាប់ឆ្នោតលេខរៀង និងទទួលបានការស្នើចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយចំនួនបីរួចរាល់ កាលពីពេលថ្មីៗកន្លងទៅ។
គណបក្សនយោបាយបីដែលចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន ខណៈក្នុងចំណោមគណបក្សនយោបាយនីមួយៗ មានបេក្ខជនពេញសិទ្ធិចំនួន ១៩រូប៕ អត្តបទ៖ ឧត្តម