ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ដើម្បីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ" ។
ពិធីនេះដឹកនាំដោយលោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការចូលរួមពីព្រះសង្ឃ នៃវត្តទាំង៣ លោក-លោកស្រីអភិបាលរង លោកអធិការរង លោកមេបញ្ជាការរង គណៈនាយក លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ មន្ដ្រីសាលាខណ្ឌ-សង្កាត់ យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងបុគ្គលិកផ្នែកអនាម័យរបស់ក្រុមដឹកជញ្ជូនសំរាមសរុបចំនួន ២០០នាក់ ។
នាឱកាសនោះ លោកអភិបាលរងខណ្ឌ៧មករា បានផ្សព្វផ្សាយនូវខ្លឹមសារ នៃសារលិខិតចូលរួមអបអរសាទរទិវាទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទីក្រុងស្អាតបដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ"របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។
ការប្រារព្ធទិវាទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣នេះឡើង គឺដើម្បីជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ បន្ដសហការចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូបានដាក់ចេញដោយរាជរាដ្ឋាភិបាល ដើម្បីគាំទ្រចលនាប្រឡងប្រណាំងទីក្រុងស្អាត ដោយធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាពស្អាត និងបៃតង និងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ស័ក្ដិសមនឹងកិត្តិនាម “កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយៈផ្ដល់ភាពកក់ក្ដៅ “៕ អត្ថបទ៖ កុម្ភៈ