សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានធ្វើពិធីក្រុងពាលីនៅខាងមុខអង្គរវត្ត បួងសួងសុំសេចក្ដីសុខសម្រាប់ការរៀបចំ បើកការដ្ឋានកសាងភូមិបេតិកភណ្ឌ និងស្តង់ពិព័រណ៍ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ ដើម្បីអបអរព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប១០ឆ្នាំ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលស្រាវជ្រាវ និងផ្សព្វផ្សាយ នៃអាជ្ញាធរ ជាតិអប្សរា បានឱ្យដឹងថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នៅខែមេសាខាងមុខ គឺសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រំលឹកខួបទី១០ឆ្នាំ ក្រោមប្រធានបទ (ក្តីស្រមៃ និងក្តីសង្ឃឹម) ។ ជាមួយគ្នានេះដែរ សសយក ក៏បានស្នើឱ្យអាជ្ញាធរជាតិអប្សរា ជួយរៀបចំកម្មវិធីមួយឈ្មោះថា ភូមិបេតិកភណ្ឌវប្បធម៌ ។
លោក បានបញ្ជាក់ទៀតថា ភូមិបេតិកភណ្ឌ ដែលអាជ្ញាធរអប្សរាកំពុងរៀបចំកសាងនេះ នឹងដាក់ បង្ហាញអំពីបេតិកភណ្ឌរូបិយ និងអរូបិយ ដូចជាបង្ហាញឧបករណ៍បច្ចេកទេស នៃការរំលីងថ្ម ដើម្បីយកមក ផ្គុំកសាងប្រាសាទ ដែលឃើញមាននៅតាមចម្លាក់របស់ប្រាសាទបាយ័ន និងការបង្ហាញអំពីបច្ចេកទេស នៃការជួសជុលប្រាសាទទឹក។ ចំណែកឯបេតិកភណ្ឌអរូបិយវិញ គឺនឹងមានបង្ហាញអំពីការចារសាស្ត្រាស្លឹករឹត ដោយគ្រោងនឹងអញ្ជើញស្ត្រីឈ្មោះ ភឿន ផាវី ជាអ្នកចេះចារសាស្ត្រា ឱ្យមកបង្រៀនដល់អ្នកមកទស្សនា ឱ្យបានយល់ដឹងផងដែរ។ វប្បធម៌អរូបិយមួយទៀត គឺអាជ្ញាធរអប្សរា នឹងបង្ហាញអំពីសិល្បៈ នៃការសូន ភាជន៍ ដោយនឹងបើកឱ្យអ្នកចូលរួមទស្សនា អាចរៀនសូត្របានពីអ្នកជំនាញផងដែរ។ ចំពោះវប្បធម៌ អរូបិយមួយទៀត ក៏មានបង្ហាញអំពីចម្លាក់ស្បែកតូច ស្បែកធំ ហើយក្រៅពីនោះ គឺមានលេងល្បែងប្រជាប្រិយ ព្រមទាំងមានក្រុមភ្លេងកន្រ្ទឹម របស់អ្នកភូមិត្បែង ដើម្បីកំដរ និងរាំលេងកម្សាន្ត។
ចំណែកនៅផ្នែកខាងស្ពានហាលឯណោះវិញ ក៏នឹងមានរៀបចំស្ដង់ ដើម្បីរៀបចំដាក់បង្ហាញអំពី ផលិតផល នៃការងារ រយៈពេល៣០ឆ្នាំ របស់អាជ្ញាធរអប្សរាផងដែរ។ ការដាក់បង្ហាញនូវបេតិកភណ្ឌ វប្បធម៌ ដើម្បីដាស់ស្មារតី ក៏ដូចជាបំផុសគំនិតអ្នកទៅទស្សនាសង្ក្រាន្ត ឱ្យថែរក្សាវប្បធម៌ដូនតាខ្មែរ។
ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣ នឹងរៀបចំចំនួន៦ទីតាំង កម្មវិធីកម្សាន្ដ ចំនួន៤៤ ដែលនឹង ត្រូវរៀបចំឡើងនៅតំបន់រមណីយដ្ឋានអង្គរ និងក្នុងក្រុងសៀមរាប។ ខួប១០ឆ្នាំ នៃអង្គរសង្ក្រាន្តឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដែលព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយនេះ អាចនឹងបំបែកឯតទគ្គកម្មពិភពលោក លើកម្មវិធីចំនួនពីរ ៕ អត្ថបទ៖ ឈិត សាវី





