កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំប្រកាសបន្តហាមឃាត់ការលក់ដូរ និងការជួបជុំទទួលទានគ្រឿងស្រវឹងរយៈពេល ១សប្ដាហ៍បន្ថែមទៀតចាប់ពីខានស្អែកនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានសម្រេចផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ១សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា។
ក្នុងសេចក្ដីសម្រេចដដែលនេះ រដ្ឋបាលខេត្តកំពង់ធំ ក៏ហាមឃាត់ការជួបជុំទទួលទានគ្រឿងស្រវឹងផងដែរនៅអំឡុងពេលនៃការហាមឃាត់នេះ។
រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អាជីវករ ឬម្ចាស់អាជីវកម្មទាំងអស់ និងបុគ្គលគ្រប់រូបដែលល្មើសនឹងសេចក្ដីសម្រេចនេះ នឹងត្រូវប្រឈមមុខនឹងច្បាប់ដោយគ្មានការលើកលែង៕