ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួន បុរសជាឃាតក សម្លាប់ប្រពន្ធរបស់ខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ បានឲ្យដឹងថា ករណីអាណិកជនខ្មែរ-អាមេរិក វ័យ៦៨ឆ្នាំ ដែលបានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនៅក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅព្រំដែនកម្ពុជា-ថៃ។
សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យជាឃាតកមានឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជាអាណិកជនខ្មែរ-អាមេរិក បានរត់គេច ខ្លួនក្រោយកើតហេតុ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ចំណែកប្រពន្ធដែលស្លាប់ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ អាចកើតឡើងដោយសារភ្លើងប្រចណ្ឌ ទើបហ៊ានធ្វើអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។
សូមបន្ថែមថា បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ បានឱ្យដឹងថា ដើមឡើយគាត់ឮសំឡេងឈ្លោះប្រកែកគ្នារវាងជនរងគ្រោះនឹងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីបានចាក់សោចេញក្រៅ រួចជិះម៉ូតូទៅបាត់។ ក្រោយមកក្មួយរបស់ជនរងគ្រោះបានចូលទៅក្នុងផ្ទះ ហើយឃើញជនរងគ្រោះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡុង ទើបដឹងថាស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ រួចបញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារ (ម១)៕ អត្ថបទ៖ កុម្ភៈ

