ភ្នំពេញ ៖ ជប៉ុនផ្តល់ថវិកា ៨៤៣,៩៤៦ ដុល្លារអាមេរិក ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានការលើកកម្ពស់ការសិក្សាបំប៉នបន្ថែម និងការអភិវឌ្ឍគ្រឹះស្ថានឧត្ដមសិក្សា ដែលមានគុណភាពសម្រាប់ការអប់រំកាយ តាមរយៈបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទំាងបី។
គម្រោងជំនួយទាំងបីនោះរួមមាន ទី១ គម្រោងការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចិរភាពរបស់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី៣) (ថវិកាជំនួយ ១១០,០៣៥ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ គឺអង្គការមិនរកប្រាក់ចំណេញ Nature Center Risen នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen។
គម្រោងនេះនឹងលើកកម្ពស់ និងបង្កើនការយល់ដឹងជាមូលដ្ឋានអំពីបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់សម្ភារៈ និងឧបករណ៍អប់រំ ដើម្បីកែលម្អចំណេះដឹងផ្នែកបរិស្ថានរបស់ប្រជាពលរដ្ឋ និងការអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹង។
ទី២.គម្រោងលើកកម្ពស់ការសិក្សាបំប៉នបន្ថែមសម្រាប់សាលាបឋមសិក្សានៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា(ថវិកាចំនួន ២៦៣,៦៥៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ គឺអង្គការសន្តិស្ម័គ្រចិត្ត (SVA)។ គម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្តមានគោលបំណងបង្កើតបរិក្ខារសិក្សា ដែលអាចប្រើប្រាស់សម្រាប់ការសិក្សាបំប៉នបន្ថែមនិងស្វ័យសិក្សា នៅសាលាបឋមសិក្សាចំនួនពីរ ក្នុងខេត្តពោធិ៍សាត់។
ទី៣.គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាពត៌មាន និងសារគមនាគមន៍ (ឆ្នាំទី១) (ថវិកាចំនួន ៤៧០,២៥៥ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ គឺអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស។ គម្រោងនេះ អង្គការបេះដូងមាស នឹងសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសំខាន់ៗចំនួន៧ គឺប្រតិបត្តិការបណ្ណាល័យ ការបង្កើតមជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃក្នុង ការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងសិស្ស ការគាំទ្រដល់អតីតសិស្ស និងការគ្រប់គ្រង សន្តិសុខ ដោយប្រើប្រាស់បរិក្ខារបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។
គួរបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥០លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៤៩ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕ ដោយ ៖ ដារា










