គុនខ្មែរ៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានធ្វើឲ្យកក្រើកសង្វៀន Thai Fight ជាថ្មី បន្ទាប់ពីផ្ដួលកីឡាកររុស្ស៊ី Firdavszhon Naiimov ត្រឹមទឹកទី១ កាលពីរាត្រីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ។ ប៉ុន្ដែមុនទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ ដើម្បីលើកមុខមាត់គុនខ្មែរលើឆាកអន្ដរជាតិនេះ សំណាង ស្ទើរបាត់បង់ស្មារតី បន្ទាប់ពីត្រូវនាគវាត់កន្ទុយដ៏ត្រណមពីសំណាក់អ្នកជំនាញឃីកបុកស៊ីងរុស្ស៊ី។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយត្រឡប់មកដល់មាតុភូមិនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ព្រំ សំណាង បានទទួលស្គាល់ Firdavszhon Naiimov គឺជាជើងខ្លាំងដែលខ្លួនស្ទើរពិបាកទប់ទល់ ពិសេសក្រោយត្រូវមួយជើងនៅពាក់កណ្ដាលទឹកទី១ រូបគេបានវង្វេងស្មារតី។ តែយ៉ាងណាកីឡាករវ័យ ៣៨ឆ្នាំរូបនេះបានតាំងអារម្មណ៍រហូតរក្សាជំហរវាយកីឡាកររុស្ស៊ីរូបនេះឲ្យបោះបង់ការប្រកួត និងទទួលបានការកោតសរសើរ ក៏ដូចការឧបត្ថម្ភពីសំណាក់អ្នកគាំទ្រដ៏ច្រើនទៀតផង។ ជាមួយគ្នាដែរ ឯកឧត្តម ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកឡើងថា មុនការប្រកួត ក៏ដូចជាក្រោយចាប់ផ្ដើមប្រកួតបាន ១នាទីក្នុងនាមថ្នាក់ដឹកនាំ ឯកឧត្តមពិតជាមានការព្រួយបារម្ភ ដ្បិតបានដឹងគូប្រកួតរបស់ ព្រំ សំណាង នេះ ៤ថ្ងៃប៉ុណ្ណោះមុនការប្រកួត។ តែយ៉ាងណាដោយជោគជ័យលើការហ្វឹកហាត់ បានជំរុញឲ្យអ្នកលេងគុនខ្មែររូបនេះ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីដណ្ដើមជ័យជម្នះ និងធ្វើឲ្យគុនខ្មែរកាន់តែល្បីថែមទៀតលើឆាកអន្ដរជាតិ ពិសេសគឺជាសញ្ញាណដ៏ល្អត្រៀមស៊ីហ្គេមនាពេលខាងមុខ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែល ព្រំ សំណាង បានផ្ដួលដៃគូឲ្យបោះបង់ការប្រកួតលើសង្វៀន Thai Fight បន្ទាប់ពីបានយកឈ្នះកីឡាករអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១ ដោយប្រើជង្គង់ដូចគ្នាកាលពីដើមខែកុម្ភៈកន្លងទៅ។ ការប្រកួតនេះក៏អាចក្លាយជាការប្រកួតអន្ដរជាតិចុងក្រោយសម្រាប់ ព្រំ សំណាង ដើម្បីចៀសវាងបញ្ហារបួសផ្សេងៗ ហើយសម្រុកហ្វឹកហាត់ និងពង្រឹងសមត្ថភាព បច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលខិតជិតមកដល់នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា