ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម ឡោ ភីតម៉េង (LAU Peet Meng )ប្រធានស្ថាប័នចារកម្មស៊ីវិល នៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ឡោ ភីតម៉េង បានគោរពជំរាបជូនសម្តេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជា កាលពីឆ្នាំ២០២០ ហើយឥឡូវនេះ ឯកឧត្តមឃើញមានការរីកចម្រើនយ៉ាងខ្លាំងជាមួយសុខសន្តិភាព ស្ថេរភាព នៅកម្ពុជា។
ឯកឧត្តមបានគោរពសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យ ជាពិសេសពេលដែលពិភពលោកកំពុងជួបប្រឈមបញ្ហាជំងឺកូវីដ-១៩ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែននិងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។
ឯកឧត្តម បានបន្ថែមថា សម្ដេចតេជោមិនត្រឹមតែដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានរួមចំណែកជួយរកសន្តិភាពសម្រាប់តំបន់និងពិភពលោកផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសូមគោរព សុំអនុសាសន៍អំពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរីឲ្យកាន់តែខ្លាំងឡើង។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឡោ ភីតម៉េង ចំពោះការវាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជានិងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយសម្ដេចបានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានមកពីការចូលរួមពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់។
ក្នុងន័យនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់សិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យ។
សម្ដេចក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម ឡោ ភីតម៉េង សូមឲ្យសិង្ហបុរីលើកទឹកចិត្តជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាមផ្លូវអាកាសដែលទេសចរណ៍មកដល់សិង្ហបុរីហើយ ឲ្យបានមកដល់កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ៕



