តេក្វាន់ដូ៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានប្រកាសបង្កើតសមាគមកីឡាតេក្វាន់ដូ WT ជាផ្លូវការ ដោយមានឯកឧត្តមនាយឧត្តមសេនីយ៍ សុខ មុនី ជាប្រធានសមាគម ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។
មហាសន្និបាតរបស់សមាគមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃអាណត្តិទី១ នេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ហើយក៏មានការចូលរួមពីលោក ប៉ាង សឹនហូ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូនគរបាលពិភពលោក នៅមជ្ឈមណ្ឌលកីឡានគរបាលជាតិក្នុងពហុកីឡដ្ឋានជាតិកាលពីចុងសប្ដាហ៍កន្លងទៅ។ ឯកឧត្តម សុខ មុនី មានប្រសាសន៍ថា ការបង្កើតសមាគមកីឡាតេក្វាន់ដូន WT ក្រសួងមហាផ្ទៃនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណៈរដ្ឋកូរ៉េ ដោយមានសហព័ន្ធតេកីឡាក្វាន់ដូនគរបាលពិភពលោក ជាភាគីពាក់ព័ន្ធសហការ ដើម្បីជំរុញការអភិវឌ្ឍសម្ថភាពអត្តពលិកកីឡាតេក្វាន់ដូ WT នៅក្នុងអង្គភាពកីឡានគរបាលជាតិក្រសួងមហាផ្ទៃឲ្យកាន់តែប្រសើរ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
លោក រើន គន្ថា អគ្គលេខាធិការសមាគមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃបានបញ្ជាក់ថា កន្លងមកកីឡាតេក្វាន់ដូក្រសួងមហាផ្ទៃ ក្រោមការគ្រប់គ្រងរបស់អង្គភាពកីឡានគរបាលជាតិ នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានចូលរួមការប្រកួតថ្នាក់ជាតិ ទទួលបានមេដាយសរុបចំនួន ៤៦គ្រឿងរួមមានមេដាយមាស ៣២គ្រឿង, ប្រាក់ ៧គ្រឿង និងសំរឹទ្ធ ៧គ្រឿង និងការប្រកួតអន្តរជាតិក្រៅប្រទេសចំនួន ២លើកក្នុងកម្មវិធី world police and fire games នៅប្រទេសចិន និងហូឡង់ទទួលបានមេដាយ ៩គ្រឿង មេដាយមាស ៦គ្រឿង, ប្រាក់ ១គ្រឿង និងសំរឺទ្ធិ ២គ្រឿងផងដែរ៕
អត្ថបទ៖ លី ឈុនឡា