ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតអោយលោក (David Neo)មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម នីអូ បានគោរពសម្ដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពនិងកងទ័ព ហើយឯកឧត្តមបានសូមគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត កាលពីថ្ងៃម្សិលមិញហើយក៏បានកំណត់នូវគោលដៅនៃកិច្ចសហប្រតិបត្តិការនៅពេលខាងមុខឱ្យកាន់តែខ្លាំងឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរហើយសម្ដេចបានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរបន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកបទពិសោធន៍ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្សដល់គ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ របស់លោក ដេវីដ នីអូ មកកម្ពុជាដែលទស្សនកិច្ចនេះនឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកទាំង ពីរឱ្យកាន់តែសកម្មស៊ីជម្រៅនិងរឹងមាំថែមទៀត៕






