ចិន៖ របាយការណ៍មួយបាននិយាយថា ប្រទេសចិនកំពុងចោទប្រកាន់សហរដ្ឋអាមេរិកពីបទគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីយន្តហោះល្បាតកងទ័ពជើងទឹក P-8A Poseidon របស់សហរដ្ឋអាមេរិកបានហោះហើរឆ្លងកាត់តំបន់នេះកាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន Reuters ការប្រកាសនេះបានកើតឡើង ស្របពេលទីក្រុងប៉េកាំងនិយាយថា ខ្លួនមានអធិបតេយ្យភាព មានសិទ្ធិលើអធិបតេយ្យភាព និងយុត្ដធិការលើដែនទឹកខណ្ឌចែកដីគោករបស់លខ្លួនពីកោះតៃវ៉ាន់ ប៉ុន្តែសហរដ្ឋអាមេរិកនឹងក្រុមមេដឹកនាំកោះនេះបានលើកឡើងថា តំបន់នេះគឺជាដែនទឹកអន្តរជាតិ។ ទីបញ្ជាការសម្របសម្រួលខាងកើតរបស់កងទ័ពរំដោះប្រជាជន ត្រូវបានដកស្រង់សម្ដីដោយនិយាយថា សកម្មភាពរបស់ភាគីអាមេរិកបានជ្រៀតជ្រែក និងបង្កការរំខានយ៉ាងច្បាស់ដល់ស្ថានភាពតំបន់ និងបានធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់។ យើងប្រឆាំងដាច់ខាតចំពោះរឿងនេះ។ ប្រភពដដែលបានបន្ថែមថា កងកម្លាំងរបស់ទីបញ្ជាការនេះនៅតែបង្កើនការប្រុងប្រយ័ត្នជានិច្ច និងការពារអធិបតេយ្យភាព និងបូរណភាពជាតិយ៉ាងម៉ឺងម៉ាត់៕
អត្ថបទ៖ សុខមាន