បេឡារុស៖ មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយកាលពីថ្ងៃចន្ទថា ដោយរួមគ្នាជាមួយរុស្ស៊ី ប្រទេសបេឡារុសមានសមត្ថភាពផលិតអាវុធប្រភេទណាមួយ ក្នុងកិច្ចការសម្របសម្រួលជាមួយគ្នា។
លោក Lukashenko បាននិយាយដូច្នេះនៅក្នុងកិច្ចប្រជុំស្តីពីការផ្គត់ផ្គង់ផ្នែកយោធា។ មេដឹកនាំបេឡារុសនិយាយថា បើនិយាយពីការព្រួយបារម្ភពីសំភារៈយោធា យើងបានទទួលយ៉ាងស្រួលពីប្រទេសរុស្ស៊ី ដោយបានកោតសរសើរក្រុមហ៊ុននៅក្នុងឧស្សាហកម្មក្នុងស្រុក ដែលបានអភិរក្សកេរ្តិ៍តំណែលសម័យសូវៀតនៃការផលិតមីក្រូអេឡិចត្រូនិក និងគ្រឿងអុបទិក។
លោក Lukashenko បានកំណត់ពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃទី២៨ ខែកុម្ភៈនេះរហូតដល់ថ្ងៃទី២ ខែមីនា។ ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើង ខណៈទីក្រុងវ៉ាស៊ីនតោនបានព្រមានទីក្រុងប៉េកាំងចំពោះការផ្គត់ផ្គង់សព្វាវុធទៅឲ្យប្រទេសរុស្ស៊ី ដែលត្រូវការអាវុធសម្រាប់អ្វីដែលប្រទេសនេះនិយាយថា ជាប្រតិបត្តិការសឹកពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន