បាល់ទាត់៖ អតីតអ្នកចាត់ការក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអាមេរិកលោក Jurgen Klinsmann ត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េផ្លូវការ ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ។ បុរសវ័យ ៥៨ឆ្នាំដែលជាសមាជិកជ័យលាភីជើងឯកពិភពលោក ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់នៅឆ្នាំ១៩៩០ នោះនឹងដឹកនាំក្រុមកូរ៉េដល់ World Cup 2026 ដែលនឹងរៀបចំឡើងនៅទឹកដីអាមេរិក ម៉ិកស៊ិក និងកាណាដា។
ការងារដំបូងរបស់លោក Klinsmann គឺត្រូវដឹកនាំក្រុមកូរ៉េទទួលការប្រកួតមិត្តភាពទល់នឹងកូឡុំប៊ីនៅថ្ងៃទី២៤ ខែមីនាខាងមុខនៅទីក្រុង Ulsan។ Jurgen Klinsmann ដែលស៊ុតបញ្ចូលទី ៤៧គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យអាល្លឺម៉ង់ ១០៨លើក បានមកបន្តតំណែងពីលោក Paulo Bento ដែលបានចាកចេញពីតំណែងក្រោយចំណាយពេល ៤ឆ្នាំដឹកនាំក្រុម បន្ទាប់ពីកូរ៉េធ្លាក់នៅវគ្គ ១៦ក្រុមចុងក្រោយ World Cup 2022 នៅកាតា។
អតីតអ្នកចាត់ការ Tottenham Hotspur រូបនេះនៅទំនេរពីអាជីពជាអ្នកចាត់ការរយៈពេលជាង ៣ឆ្នាំមកហើយ ដោយចុងក្រោយបំផុតគឺដឹកនាំក្លិបអាល្លឺម៉ង់ Hertha Berlin បានត្រឹម ១០សប្តាហ៍។ លោក Klinsmann ក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ផងដែរនៅពេលអាល្លឺម៉ង់ជាម្ចាស់ផ្ទះ World Cup 2006 ដោយបានទទួលចំណាត់ថ្នាក់លេខ៣ និងដឹកនាំអាមេរិកឡើងដល់វគ្គ ១៦ក្រុមចុងក្រោយ World Cup 2014 នៅប្រេស៊ីល៕
អត្ថបទ៖នាង សុភាវុធ