ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ៣នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ៨២នាក់។
ក្រសួងសុខាភិបាល បាននិយាយថា ពលរដ្ឋខ្មែរទាំង ០៣នាក់នោះ មានស្ត្រី ២នាក់ ក្នុងនោះម្នាក់អាយុ ៥២ឆ្នាំ និងស្ត្រីម្នាក់ទៀតអាយុ ៣៩ឆ្នាំ និងបុរសម្នាក់អាយុ ៧៧ឆ្នាំ។
បើតាមក្រសួងសុខាភិបាល អ្នកឆ្លងថ្មីដែលប្រកាសនៅថ្ងៃនេះ ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញរហូតដល់ ២៤៨នាក់ បន្ទាប់មកខេត្តកណ្ដាលរកឃើញអ្នកឆ្លងថ្មីដល់ទៅ ១៣៥នាក់ ខណៈដែលខេត្តបន្ទាយមានជ័យស្ថិតនៅលំដាប់ទី៣ រកឃើញអ្នកឆ្លងថ្មីដល់ទៅ ៧៣នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៤៧នាក់ និងចិន ១នាក់។
ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ខេត្តព្រះសីហនុក៏រកឃើញអ្នកឆ្លងថ្មី ៤៧នាក់ ខណៈខេត្តព្រៃវែង និងតាកែវ រកឃើញអ្នកឆ្លងថ្មី ២នាក់ក្នុងខេត្តនីមួយៗ ហើយខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងថ្មីត្រឹមតែ ១នាក់ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ១១ ០៦៣នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងពីប្រទេសនេះរកឃើញករណីឆ្លងដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ-១៩ដល់ទៅ ១០ ៥១៣នាក់ ឬដល់ទៅ ៩៥ភាគរយនៃតួលេខអ្នកឆ្លងសរុប សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ចំណែកឯតួលេខអ្នកជាសះស្បើយវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា បានកើនឡើងដល់ចំនួន ៣ ៧០៤នាក់ហើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ១២៧នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ ខណៈអ្នកជំងឺកូវីដ-១៩សរុប ៧ ២៧០នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕