ភ្នំពេញ៖ ម្ចាស់សត្វក្ងោកដែលត្រូវបានមន្រ្តីក្រសួងកសិកម្ម ធ្វើការរឹបអូសយក កាលពីកន្លងទៅ បានថ្លែងអំណរអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីសម្តេច បានអន្តរាគមន៍ បញ្ជាឱ្យមន្រ្តីកសិកម្មទាំងនោះ យកសត្វក្ងោកជូនទៅដល់ផ្ទះគាត់វិញ។
លោកយាយ និងកូនស្រី ម្ចាស់ក្ងោក រស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានលើកឡើងថាពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់សត្វជាទីស្រលាញ់របស់ពួកគាត់ ដែលបានចិញ្ចឹមជាច្រើនឆ្នាំមកហើយ ត្រូវបានគេយកមកឱ្យពួកគាត់វិញ បន្ទាប់ពីមន្រ្តីកសិកម្មរឹបអូសដោយចោទ ប្រកាន់ថា ការចិញ្ចឹមរបស់ពួកគាត់ខុសច្បាប់។
តាមរយៈសារតេលេក្រាម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាផ្ទាល់មាត់ឱ្យមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់សត្វក្ងោកដែលប្រជាជនចិញ្ចឹមទៅអោយម្ចាស់ដើមវិញ និងត្រូវដោះស្រាយនៅថ្ងៃនេះតែម្តង។
សម្តេចតេជោ បានបញ្ជាក់ថា «សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារចិញ្ចឹញក្ងោក យកទៅជូនដល់ផ្ទះវិញតែម្តង គឺខ្ញុំមិនយល់ស្របជាមួយទង្វើបែបនេះឡើយ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនោះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ និងយកចិត្តទុកដាក់៕







