បាល់ទាត់៖ គ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni បានសម្រេចបន្តកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនដល់ឆ្នាំ២០២៦។ បុរសវ័យ ៤៤ឆ្នាំរូបនេះបានដឹកនាំក្រុមអាហ្សង់ទីនឈ្នះជើងឯកពិភពលោក FIFA World Cup 2022 នៅកាតា នៅពេលយកឈ្នះក្រុមការពារជើងឯកបារាំងនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

លោក Scaloni បានចូលមកកាន់តំណែងដឹកនាំក្រុមអាហ្សង់ទីនកាលពីឆ្នាំ២០១៨ និងបានដឹកនាំក្រុមឈ្នះជើងឯកអាមេរិកខាងត្បូង Copa America ផងដែរនៅឆ្នាំ២០២១។ កិច្ចសន្យាថ្មីនេះមានន័យថា លោក Scaloni នឹងបន្តដឹកនាំក្រុមអាហ្សង់ទីនឆ្ពោះទៅការពារតំណែងជើងឯក World Cup២០២៦ ដែលរៀបចំនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ យប់មិញនេះដែរលោក Scaloni ក៏បានឈ្នះពានគ្រូបង្វឹកឆ្នើមបំផុតរបស់ FIFA ផងដែរ៕
អត្ថបទ៖នាង សុភាវុធ