ភ្នំពេញ៖ លោកជំទាវ បណ្ឌិត ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញសួរចុះសុខទុក្ខ និងសំណេះសំណាលជាមួយគ្រូបង្គោល សិល្បករ សិល្បការិនី ដែលកំពុងហាត់សម ដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះ លោកជំទាវ ដាំ ដារីនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង ទទួលខុសត្រូវ យកចិត្តទុកដាក់ក្នុងការហាត់សម ដើម្បីចូលរួមសម្តែងក្នុងព្រឹត្តការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ។
លោកជំទាវ មានប្រសាសន៍បន្ថែមទៀតថា កម្ពុជារង់ចាំ ៦៤ឆ្នាំ ដើម្បីក្លាយជាម្ចាស់ផ្ទះ នៃព្រឹត្តការណ៍ដ៏ធំសម្រាប់អាស៊ាននេះ កម្ពុជាបានឆ្លងកាត់នូវប្រវត្តសាស្ត្រជូរចត់ទម្រាំស្វែងរកបាននូវសន្តិភាពពេញលេញ មានសន្តិភាពនេះហើយ ទើបយើងមានការអភិវឌ្ឍគ្រប់យ៉ាងរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងភាពជាម្ចាស់ផ្ទះលើព្រឹត្តិការណ៍ដ៏ធំនេះ តែពេលនេះកម្ពុជាអាចធ្វើបាន។
លោកជំទាវ បណ្ឌិតបានបន្ថែមទៀតថា តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាមានឱកាសក្នុងការបង្ហាញនូវវប្បធម៌ អារិយធម៌ និងស្ថានភាពពិតជាក់ស្តែង នៃប្រទេសមួយដែលមានការរីកចម្រើនប្រកបដោយតម្លៃសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល។
ជាមួយគ្នានោះដែរ លោកជំទាវ បណ្ឌិត ក៏បានធ្វើការផ្តាំផ្ញើជូនដល់សិល្បករ សិល្បការិនី ត្រូវថែរក្សាសុខភាពអោយបានល្អ និងខិតខំធ្វើការហាត់សម ដើម្បីអាចចូលរួមការសម្តែង ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនៅសល់តែចំនួន ៦៦ថ្ងៃទៀតនឹងមកដល់ហើយនោះ។
សូមបញ្ជាក់ថា គ្រូបង្គោល សិល្បករ សិល្បការិនី គឺពួកគេមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈទស្សនីយភាព និងសាលាមធ្យមសិក្សាសិល្បៈ ដែលកំពុងហាត់សមការសម្តែងសិល្បៈ ទស្សនីយភាព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាពេលខាងមុខសរុបចំនួន ៣៤០នាក់ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ៕ អត្ថបទ៖ បាន ចក់