ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃនេះថា មនុស្សដល់ទៅ ៥០៨នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយអ្នកជំងឺកូវីដ-១៩ចំនួន ១២៧នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងថ្មីទាំងអស់សុទ្ធតែបានឆ្លងមេរោគកូវីដ-១៩ ក្រោយពីពួកគេពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
បើតាមក្រសួងសុខាភិបាល ស្ត្រីអាយុ ៣៩ឆ្នាំ ដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានស្លាប់នៅល្ងាចថ្ងៃម្សិលមិញនេះ មុនពេលត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យហ្លួងម៉ែ បន្ទាប់ពីត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩សែនសុខ១ កាលពីថ្ងៃទី២១ ខែមេសា ក្រោយពីឆ្លងកូវីដ-១៩។
ចំណែកឯស្ត្រីម្នាក់ទៀតអាយុ ៥២ឆ្នាំដែលរស់នៅឯស្រុកគិរីវង្ស ខេត្តតាកែវឯណោះវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា ក៏បានស្លាប់នៅមុនពេលត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃម្សិលមិញនេះផងដែរ ហើយលទ្ធផលពិនិត្យសំណាករបស់គាត់បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ-១៩។
ក្រសួងឱ្យដឹងទៀតថា បុរសអាយុ ៧៧ឆ្នាំ ដែលរស់នៅឯខេត្តព្រះសីហនុ បានស្លាប់កាលពីព្រឹកថ្ងៃម្សិលមិញនេះដែរ តែ ១ថ្ងៃប៉ុណ្ណោះក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅទីមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
គិតមកដល់ថ្ងៃនេះ តួលេខផ្លូវការនៃអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៨២នាក់ហើយនៅក្នុងរយៈពេល ៤៦ថ្ងៃចុងក្រោយមកនេះ៕