
អន្ដរជាតិ៖ ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ី បានបញ្ចេញរូបភាពវីដេអូសកម្មភាពធ្វើសឹករបស់យន្តហោះចម្បាំង Su-25 ពេលបាញ់មីស៊ីលទៅលើតំបន់សមរភូមិមុខក្នុងទីក្រុង Bakhmut ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាកន្លែងដែលគេមើលឃើញការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងកម្លាំងរុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន។
លោក Yevgeny Prigozhin គឺជាសហស្ថាបនិកបង្កើតទាហានស៊ីឈ្នូល Wagner របស់រុស្ស៊ី បានអះអាងកាលពី រយៈពេលប៉ុន្មានថ្ងៃមុនថា កងកម្លាំងរបស់លោក ដណ្តើមបានតំបន់ឈរជើងជាច្រើនកន្លែងនៅជុំវិញទីក្រុង Bakhmut។ ប៉ុន្តែកងទ័ពអ៊ុយក្រែន និយាយថា ការវាយប្រហារនៅតែបន្ត តែពួកគេពុំបានជោគជ័យនោះទេនៅជិតតំបន់ឈរជើង ៦កន្លែងដែលរួមតំបន់ឈរជើង Yahidne និង Berkhivka ស្ថិតក្នុងតំបន់ភាគខាងកើត Donetsk ដែលទីក្រុងម៉ូស្គូ ប្រកាសដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីពេលកន្លងទៅ៕
